ជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួនជាបន្តបន្ទាប់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ មានជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី និងនគរបាលប៉ុស្ដិ៍ទឹកថ្លា ចាប់ខ្លួននៅចំណុចផ្សេងៗគ្នា ។
ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅចំណុច៣ទីតាំងផ្សេងគ្នា រួមមានពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ។ កម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ