AstraZeneca ផលិតនៅថៃ WHO ទទួលស្គាល់ហើយ
អង្គការសុខភាពពិភពលោក (WHO) បានសម្រេចអនុម័ត ទទួលស្គាល់វ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃហើយ។ បើតាមលិខិតទទួលស្គាល់ដែលត្រូវបានផ្សព្វផ្សាយ នាថ្ងៃទី១៤ តុលានេះ បង្ហាញថា ក្រុមហ៊ុន Siam Bioscience Co., Ltd ដែលទទួលបន្ទុកផលិត គឺផលិតទាំងសារធាតុវ៉ាក់សាំងផង និងផលិតវ៉ាក់សាំងផង។
គួររម្លឹកថា កាលពីខែវិច្ឆិកា ២០២០ ក្រុមហ៊ុន Siam Bioscience, Siam Cement Group និងក្រុមហ៊ុន AstraZeneca ព្រមទាំងក្រសួងសុខាភិបាលថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផលិតវ៉ាក់សាំងអង់គ្លេសប្រភេទនេះ នៅប្រទេសថៃ។
មកទល់ពេលនេះ វ៉ាក់សាំង AstraZeneca រាប់លានដូសហើយដែលក្រុមហ៊ុន Siam Bioscience បានផលិតនិងផ្គត់ផ្គង់ទៅក្រសួងសុខាភិបាល៕ ប្រភពពី thaipbs