Apple ព្រមានពីហានិភ័យឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បើសហភាពអឺរ៉ុបបង្ខំឱ្យខ្លួនអនុញ្ញាតកម្មវិធីក្រុមហ៊ុនដទៃ
ប្រ៊ុចសែល៖ ក្រុមហ៊ុនអេបផល (Apple) កាលពីថ្ងៃពុធនេះ បន្តរិះគន់ចំពោះសេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបដែលនឹងបង្ខំឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំឡើងកម្មវិធីទូរស័ព្ទពីខាងក្រៅ App Store របស់ខ្លួន ដោយលើកឡើងពីហានិភ័យបង្កឡើងដោយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងមេរោគ។

ក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone នេះ គឺជាមេរិះគន់ចំពោះច្បាប់ដែលស្នើឡើងដោយលោកស្រី Margrethe Vestager នាយិការងប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកឌីជីថល ដែលត្រូវបានប្រកាសកាលពីឆ្នាំមុនក្នុងគោលបំណងដើម្បីត្រួតពិនិត្យគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Apple អាម៉ាហ្ស៊ូន (Amazon) ហ្វ៊េសប៊ុក (Facebook) និងហ្គូហ្គោល (Google)ជាដើម។
ដោយផ្អែកលើការអត្ថាធិប្បាយរបស់លោកនាយកប្រតិបត្តិ Tim Cook កាលពីខែមិថុនាអំពីហានិភ័យចំពោះឯកជនភាព និងសុវត្ថិភាពរបស់អាយហ្វូន (iPhones) ក្រុមហ៊ុន Apple កាលពីថ្ងៃពុធ បានចេញផ្សាយការវិភាគអំពីការគំរាមកំហែងនៃ Side-loading ដែលជាដំណើរការទាញយកកម្មវិធីនៅខាងក្រៅ App Store ។
របាយការណ៍របស់ក្រុមហ៊ុននិយាយថា៖ «ប្រសិនបើ Apple ត្រូវបានបង្ខំឱ្យគាំទ្រ Side-loading គ្រោះថ្នាក់កាន់តែច្រើននឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ ព្រោះវាងាយស្រួលសម្រាប់ឧក្រិដ្ឋជនតាមអ៊ីនធឺណិតដើម្បីកំណត់គោលដៅពួកគេ ទោះបីជាដំណើរការនេះត្រូវបានកំណត់ចំពោះហាងកម្មវិធីរបស់ភាគីទីបីក្ដី»។
ក្រុមហ៊ុនព្រមានអំពីកម្មវិធីមេរោគដែលផ្ទេរទៅកាន់ហាងរបស់ភាគីទីបី ហើយប៉ះពាល់ដល់ឧបករណ៍អ្នកប្រើប្រាស់ ខណៈអ្នកប្រើប្រាស់នឹងមិនមានការគ្រប់គ្រងលើកម្មវិធីដែលបានទាញយក។ ការសិក្សានេះបានដកស្រង់តួលេខពីក្រុមហ៊ុនផ្តល់សេវាកម្មសន្តិសុខតាមអ៊ីនធឺណេត Kaspersky Lab បង្ហាញថាមានការវាយប្រហារជិត ៦ លានដងក្នុងមួយខែប៉ះពាល់ដល់ឧបករណ៍ចល័តរបស់កម្មវិធី Android ។
សេចក្តីព្រាងច្បាប់ដែលស្នើដោយអ្នកស្រី Vestager ត្រូវការភ្លើងខៀវពីសមាជិកសភាសហភាពអឺរ៉ុប និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប មុនពេលវាអាចក្លាយជាច្បាប់ ដែលទំនងជាអាចចូលជាធរមាននៅឆ្នាំ ២០២៣។