កំណើនតម្លៃទំនិញប្រើប្រាស់នៅអាមេរិកកើនឡើងក្នុងខែកញ្ញា ខណៈសម្ពាធនៅតែបន្តកើតមាន
ល្បឿននៃកំណើនតម្លៃទំនិញប្រើប្រាស់របស់អាមេរិក កើនឡើងខ្ពស់នៅក្នុងខែកញ្ញា ដោយរក្សាបាននៅកម្រិតខ្ពស់បំផុតរយៈពេល ១៣ ឆ្នាំ ដោយសារសម្ពាធអតិផរណានៅតែបន្តកើតមានចំពេលដែលមានការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់ ទោះបីជាវិស័យដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតមួយចំនួនបានធូរស្បើយខ្លះក៏ដោយ។

តាមទិន្នន័យរបស់ការិយាល័យស្ថិតិការងារចេញផ្សាយកាលពីថ្ងៃពុធ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) កើនឡើង ៥,៤ ភាគរយនៅក្នុងខែកញ្ញាធៀបនឹងឆ្នាំមុន ដោយខ្ពស់ជាងការកើនឡើងប្រចាំឆ្នាំដែលរាយការណ៍ពីខែសីហាបន្តិច ហើយខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគ ០,១ ភាគរយ។
ជារៀងរាល់ខែ តម្លៃកើនឡើង ០,៤ ភាគរយ ដោយកើនពីកំណើន ០,៣ ភាគរយនៅក្នុងរយៈពេលមុន។ CPI ស្នូលដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល កើនឡើង ០,២ ភាគរយចាប់ពីខែសីហា។ តួលេខនេះប្រៀបធៀបទៅនឹងការកើនឡើងពីមួយខែទៅមួយខែចំនួន ០,១ ភាគរយ និងរក្សាបាននូវល្បឿនប្រចាំឆ្នាំ ៤ ភាគរយ។
ចំណែកឯតម្លៃម្ហូបអាហារវិញ កើនឡើង ០,៩ ភាគរយគួរឱ្យកត់សម្គាល់សម្រាប់ខែកញ្ញា ខណៈដែលតម្លៃថាមពលកើនឡើង ១,៣ ភាគរយសម្រាប់ខែដូចគ្នា និងកើនឡើង ២៤,៨ ភាគរយសម្រាប់ឆ្នាំនេះ។
លោក Peter Tchir អ្នកយុទ្ធសាស្រ្តម៉ាក្រូសកលនៅ Academy Securities និយាយថា៖ «អតិផរណាគឺនៅទីនេះហើយ ដោយវានឹងមិនថយចុះទេនៅប៉ុន្មានខែខាងមុខនេះ»។
អ្នកសេដ្ឋកិច្ច និងអ្នកតាក់តែងគោលនយោបាយជជែកវែកញែកគ្នាអំពីវិសាលភាពដែលការតម្លើងថ្លៃទំនិញប្រើប្រាស់បន្ត នឹងផ្លាស់ប្តូរទៅជាអតិផរណាបន្តដែលរាលដាលលើសពីវិស័យដូចជារថយន្តប្រើប្រាស់ និងការធ្វើដំណើរជាដើម។
ខណៈដែលប្រធានធនាគារកណ្តាលលោក Jay Powell ប្រកាន់ទស្សនៈរបស់លោកថាសម្ពាធអតិផរណានឹងថយចុះតាមពេលវេលា លោកក៏បានទទួលស្គាល់កាលពីខែមុនថា ភាពធ្ងន់ធ្ងរនៃការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់ដែលធ្វើឱ្យសម្ពាធតម្លៃបន្តកើនឡើង បានធ្វើឱ្យធនាគារកណ្តាលអាមេរិកភ្ញាក់ផ្អើល។ លោកក៏បានសារភាពថា វាហាក់ដូចជាកាន់តែអាក្រក់ទៅៗ។
ការព្រមានរបស់លោក ក៏ត្រូវបានលោកស្រី Gita Gopinath ប្រធានសេដ្ឋវិទូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្លឺឡើងដែរថា ធនាគារកណ្តាលត្រូវប្រុងប្រយ័ត្នខ្ពស់ នៅពេលមានហានិភ័យអតិផរណា។