មហាសន្និបាតអង្គការសហប្រជាជាតិសម្រេចជ្រើសរើសសហរដ្ឋអាមេរិកអោយចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សឡើងវិញ
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានជ្រើសរើសសហរដ្ឋអាមេរិកអោយចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (UNHRC) ឡើងវិញហើយ ក្រោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីស្ថាប័នអន្តរជាតិនេះកាលពីឆ្នាំ២០១៨ ដោយចោទថា លាក់ពុត និងព្យាយាមរករឿងតែចំពោះប្រទេសអ៊ីស្រាអែល។
សហរដ្ឋអាមេរិកបានទទួលសំឡេងគាំទ្រ ១៦៨ ក្នុងចំណោមសំឡេងសរុប ១៩៣ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការបោះឆ្នោតដោយសម្ងាត់មួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) ដែលមានប្រទេសជាសមាជិកសរុបចំនួន ១៨ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអាណត្តិថ្មី ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។
សូមជម្រាបផងដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបានស្បថចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០២១ បានប្តេជ្ញារួចទៅហើយថា រដ្ឋបាលដឹកនាំរបស់លោក នឹងដាក់បញ្ហាសិទ្ធិមនុស្សជាអាទិភាព នៅក្នុងនយោបាយការបរទេស ហើយរដ្ឋបាលលោកនឹងមិនអាចជៀសឆ្ងាយពីការរិះគន់ចិន ទៅលើបញ្ហាទីក្រុងហុងកុង តំបន់ស៊ីនជាំង កោះតៃវ៉ាន់ និងចំពោះទីក្រុងម៉ូស្គូនោះឡើយ៕ ប្រភព៖ CNA

