សហរដ្ឋអាមេរិក និងក្រិកឯកភាពពង្រីកកិច្ចព្រមព្រៀងការពារជាតិ ចំពេលមានភាពតានតឹងនៅតំបន់មេឌីទែរ៉ាណេ
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន និងសមភាគីក្រិករបស់លោក លោក នីកូស ដេនឌីយ៉ាស់ បានចុះហត្ថលេខាលើវិសោធនកម្មកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិអាមេរិក-ក្រិក (MDCA) ដែលបានអនុញ្ញាតឱ្យកងកម្លាំងអាមេរិកធ្វើការហ្វឹកហាត់ និងប្រតិបត្តិការនៅក្នុងទឹកដីក្រិកចាប់តាំងពីឆ្នាំ ១៩៩០មក។
លោក ប្លីងគែន បាននិយាយនៅក្នុងពិធីចុះហត្ថលេខាជាមួយសមភាគីក្រិករបស់លោកថា ការធ្វើបច្ចុប្បន្នភាពនេះ នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងខាងលើ នៅតែមានសុពលភាពគ្មានកំណត់ ហើយវាអាចជួយឱ្យកងកម្លាំងអាមេរិកនៅប្រទេសក្រិក ធ្វើការបណ្តុះបណ្តាល និងប្រតិបត្តិការជាច្រើនទីតាំងបន្ថែមទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក ប្លីងគែន បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងអនុញ្ញាតឱ្យប្រទេសក្រិក និងសហរដ្ឋអាមេរិកជំរុញសន្តិសុខ និងស្ថិរភាពនៅតំបន់មេឌីទែរ៉ាណេខាងកើត និងលើសពីនេះ។ លោក ដេនឌីយ៉ាស់ បាននិយាយនៅក្នុងពិធីចុះហត្ថលេខាថា ក្រិកកំពុងប្រឈមមុខនឹងការបង្កហេតុប្រចាំថ្ងៃ នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត និងថា ការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀង MDCA គឺជានិមិត្តសញ្ញា និងជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូរយៈពេលវែងរបស់យើង។
កិច្ចព្រមព្រៀងនេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រិកបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខជាមួយប្រទេសបារាំង ដែលមានតម្លៃជិត ៣ ពាន់លានអឺរ៉ូ ឬប្រហែល ៣.៥ ពាន់លានដុល្លារ រួមទាំងក្រិកទិញនាវាចម្បាំងបារាំងចំនួន ០៣ គ្រឿងផងដែរ៕ ប្រភព៖ ស៊ីនហួរ

