សហព័ន្ធកីឡារាំកម្ពុជា ដាក់គោលដៅប្រជែងមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានបង្ហាញគោលដៅប្រកួតប្រជែងមេដាយមាស ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ការដាក់ទិសដៅនេះនៅក្នុងសន្និបាតបញ្ចប់អាណត្តិចាស់ ឆ្នំា២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៣ ឆ្នាំ២០២១-២០២៥ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។


បើតាមលោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា ក្រោមគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាមពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហព័ន្ធកំពុងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីគោលដៅពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡារាំកម្ពុជាឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណភាពបច្ចេកទេស ឈានឆ្ពោះទៅរកមេដាយមាសជូនជាតិ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់ទៀត។

លោកស្រី ហង់ ស៊ីមន


លោកជំទាវ ញ៉ែម មរកត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានកីឡាករ កីឡាការិនី រហូតដល់ចូលរួមប្រកួតប្រជែងមេដាយបានជាបន្តបន្ទាប់ពីលើឆាកអន្តរជាតិ។ លោកជំទាវប្រធានសហព័ន្ធក៏សម្តែង​នូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជាថ្នាក់ដឹកនាំ CAMSOC ដែលផ្តល់ការគាំទ្រជានិច្ចចំពោះសហព័ន្ធរាំកម្ពុជា បន្តដំណើរការឆ្ពោះទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេសគឺគោលដៅដ៏ធំនៃការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា


សូមបញ្ជាក់ថា មហាសន្និបាតបានសម្រេចនូវសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីនេះ ដោយមានចំនួន ១៣រូប ក្នុងនោះ លោកជំទាវ ញ៉ែម មរកត ប្រធាន និងអមដោយអនុប្រធាន ៣រូប គឺឯកឧត្តម វ៉ាត់ ចំរើន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និងឯកឧត្តមឧកញ៉ា ប៉ិច បូឡែន។ ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង និងលោកស្រី សោ ម៉ាល័យ ជាអគ្គហិរញ្ញឹក និងសមាជិក៦រូបទៀត៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner