ភាពជាអ្នកដឹកនាំត្រូវប្រកាន់ភ្ជាប់នូវឥទ្ធិពលចំនួន៣ទើបគេគោរពកោតសសើរ

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់ មន្ដ្រី និងគ្រូអប់រំកាយ និងកីឡាខេត្តកែប នៅក្នុងពិធីបទ វគ្គរដ្ឋបាលកីឡា នាល្ងាចថ្ងៃ ទី១៤ ខែ តុលា តាមប្រព័ន្ធព័ន្ធ Zoom ថា ក្នុងភាពជាអ្នកដឹកនាំត្រូវតែប្រកាន់ភ្ជាប់នូវគុណតម្លៃនៃចំនួន៣សំខាន់ៗ គឺ ទី១-ឥទ្ធិពលសុខភាពរាង្គកាយ ត្រូវមានសុខភាពល្អ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត បញ្ញា ស្មារតី។ ទី២-ឥទ្ធិពលចំណេះជំនាញ ត្រូវមានចំណេះដឹងទូទៅ និងជំនាញច្បាស់លាស់ តាមរយៈការខិតខំរៀនសូត្រ និងដុះខាត់ជំនាញបន្ថែម។ ទី៣-ឥទ្ធិពលគុណផល-សីលធម៌ ដែលជាកត្ដាដ៏សំខាន់ ហើយបើមានឥទ្ធិពលទាំងបី ទើបសបញ្ជាក់ថា ខ្លួនអាចក្លាយជាអ្នកដឹកនាំ ទាំងការដឹកនាំខ្លួនឯង និងការដឹកនាំគេ។

ដូច្នោះឥទ្ធិពលសំខាន់ៗ៣ ក្នុងភាពជាអ្នកដឹកនាំ គឺត្រូវមានសុខភាពរាង្គកាយ ចំណេះជំនាញច្បាស់លាស់ និងមានគុណធម៌-សីលធម៌ជានិច្ច។
ឯកឧត្តម អះអាងថា ក្រោយឆ្លងកាត់ការសិក្សារយៈពេល ៤ថ្ងៃ ស្ដីពីរដ្ឋបាលកីឡា ដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកខាងលើ ជាមួយគ្រូឧទ្ទេសមានបទពិសោធន៍ និងជំនាញច្បាស់លាស់ជាច្រើន សិក្ខាកាមទាំងអស់ នឹងស្វែងយល់បានច្រើនអំពីទិដ្ឋភាពផ្សេងៗ ជុំវិញវិស័យកីឡា និងភាពជាអ្នកដឹកនាំ ដើម្បីចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។


សូមបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គរដ្ឋបាលកីឡានេះឡើង បន្ទាប់ពីរៀបចំ ២លើកកន្លងមក នៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្មីៗ ក្រោមកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា។ តាមការគ្រោងទុក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះលើកចុងក្រោយ ក្នុងឆ្នាំ២០២១ នេះ នៅខេត្តមណ្ឌលគិរី នាពេលឆាប់ៗខាងមុខ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner