ការវិនិយោគចម្ការឈើដាំនឹងជួយកាត់បន្ថយការនាំចូល វត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព
ខណៈធនធានធម្មជាតិព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ប្រជាពលរដ្ឋនៅលើពិភពលោកបច្ចុប្បន្នដូចជានៅអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានជ្រើសរើស មិនប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតពីឈើធម្មជាតិ ប៉ុន្តែគាំទ្រប្រើប្រាស់គ្រឿងសង្ហារឹម ដែលផលិតចេញពីវត្ថុធាតុដើមពីចម្ការឈើដាំ ដែលក្រុមអ្នកជំនាញយល់ឃើញថា វាបានកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងធ្វើឱ្យធនធានធម្មជាតិព្រៃឈើត្រូវបានថែរក្សាគង់វង្ស។ ប្រទេសកម្ពុជាដែលមាន គម្របព្រៃឈើប្រមាណ ៥០% បាននិងកំពុងខិតខំប្រឹងប្រែងការពារធនធនធម្មជាតិ ដែលខ្លួនមានដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែងដែលរហូតមកទល់ពេលនេះតំបន់ការពារពារធ ម្មជាតិមានផ្ទៃដីជាង ៧,២ លានហិកតាស្មើប្រមាណជាង ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា និងស្ថិត ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតែជំរុញឱ្យមានការវិនិយោគ
ចម្ការឈើដាំឱ្យបានច្រើនដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរ ភាព ចូលរួមក្នុងការថែរក្សាបរិស្ថាន។
យោងតាមទិន្នន័យរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឈើកែច្នៃជាច្រើនម៉ឺនម៉ែត្រគូបត្រូវ បានផលិតនិងនាំចេញទៅលក់នៅក្រៅប្រទេស ហើយដោយសារតែវត្ថុធាតុដើមឈើកែច្នៃនៅក្នុងស្រុកមិន ទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ក្រុមហ៊ុនកែច្នៃឈើជាក្តារកុងប៉ាកេ ការ៉ូឈើ និងគ្រឿងសង្ហារឹម សម្ភារៈផ្ទះបាយ តុទូ និងសម្ភារផ្សេងៗ បាននាំចូលវត្ថុធាតុដើមជាឈើដាំពីបរទេសអាស្រ័យលើការបញ្ជាទិញពីអតិថិជន។ លោក ស្តេវិន ចាវ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនកែច្នៃឈើម្នាក់ទៀតបានថ្លែងថាក្រុមហ៊ុនរបស់លោកបានទទួលទិញឈើប្រភេទដើមអាកាស្យាពី អ្នកដាំក្នុងស្រុកមកធ្វើការកែច្នៃ។ ចំណែកលោក លីវ សៀងលីន ប្រធានរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ខូវវីនវូដ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា ផលិតផលដែលផលិតនៅកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ លោក លីវ សៀងលីន មានប្រសាសន៍ស្វាគមន៍ចំពោះគម្រោងការដាំឈើ សម្រាប់កែច្នៃដោយលោកថ្លែងថាប្រសិនបើមានវត្ថុធាតុដើមឈើកែច្នៃនៅក្នុងស្រុកកាន់តែច្រើននឹងចូលរួម កាត់បន្ថយការនាំចូលឈើកែច្នៃពីក្រៅប្រទេស ហើយក្រុមហ៊ុនលោកត្រៀមទទួលទិញដើម្បីកែច្នៃ។
ទាកើទងនឹងការវិនិយោគចម្ការឈើដាំនេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិ ប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា នៅលើដី របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោក លូ ឈូឆាង នាយកប្រតិបត្តិនៃក្រុមហ៊ុនស៊ីង បាយអូថេក និងជាប្រធានសមាគមឧស្សាហកម្មកែច្នៃឈើបានថ្លែងថា៖ «ក្រោយពីមានការប្រាស់ប្តូរថ្នាក់ដឹកនាំថ្មីនៅចុងឆ្នាំ ២០១៨ ក្រុមហ៊ុនស៊ីងបាយអូថេកបានរៀបចំផែនការវិនិយោគរបស់ខ្លួន ដោយបានកំណត់ផែនការដាំកូនឈើជាង ៣០ លានដើមពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ នៅលើផ្ទៃដី ៣៤០០៧ ហិកតារបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែងដែលទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ»។
លោក លូ ឈូឆាង បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍចម្ការឈើដាំមានគុណតម្លៃក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមឈើសម្រាប់ឧស្សាហកម្មកែច្នៃឈើ ខណៈការសាងសង់សំណង់នៅកម្ពុជា បាននិងកំពុងរីកចម្រើន និងកើនឡើងខ្ពស់ជាពិសេសនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុដែលគម្រោងសាងសង់អគារថ្មីៗជាច្រើនកើតឡើងស្គុះស្គាយ»។ លោក លូ ឈូឆាង បានសង្កត់ធ្ងន់ថាចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ក្រុមហ៊ុន ស៊ីងបាយអូថេក បានចាប់ផ្តើមឈូសឆាយលើផ្ទៃដី ទំហំ ៥០០០ ហិកតា ហើយគ្រោងនឹងចាប់ផ្តើមដាំដុះកូនឈើនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ លើ ផ្ទៃដីដែលបានឈូសឆាយទាំងអស់ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើម។ នៅឆ្នាំ ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការ ឈូសឆាយលើផ្ទៃដី ១០ ០០០ ហិកតាក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួន ជាង ២៥ លានដើម។ លោកលូ ឈូឆាង នាយកក្រុមហ៊ុនស៊ីង បាយអូថេក បានថ្លែងថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន ១០ លានដើមក្នុងមួយឆ្នាំ ដើម្បីធ្វើការដាំដុះតាម ផែនការអាជីវកម្មរបស់ខ្លួន ព្រោះក្រុមហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើតាមបច្ចេកទេស។ លោក លូ ឈូឆាង បានថ្លែងថា៖«ចម្ការឈើដែលដាំនេះនឹងទទួល បានផលក្នុងរយៈពេល ៥ ឆ្នាំក្រោយការដាំដុះ ហើយផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ បម្រើឱ៊្យការផលិតកែច្នៃឈើក្នុងប្រទេសដែលកំពុងតែមានតម្រូវការខ្ពស់។ បច្ចុប្បន្នដោយសារតែការផលិតក្នុងស្រុកមិនទាន់គ្រប់គ្រាន់ កម្ពុជាក៏បាននាំចូលឈើកែច្នៃពីបរទេសផងដែរ»។
លោក លូ ឈូឆាង បានមានប្រសាសន៍ថា ៖ «ចម្ការឈើដាំផ្តល់ផលប្រយោជន៍បង្កើតការងារជូនប្រជាពលរដ្ឋច្រើនណាស់ប្រមាណ ១០ម៉ឺននាក់ ក្នុងដំណើរការដាំដុះនិងប្រមូលផល ព្រមទាំងការកែច្នៃ។ ដូចនៅប្រទេសវៀតណាម ដែលពួកគាត់ដាំចម្ការឈើដាំ បាននាំចេញទៅកាន់អឺរ៉ុបក្នុងមួយឆ្នាំទទួលបានចំណូលរាប់ពាន់លានដុល្លារ និងបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ»។ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើ វិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់ នៅក្នុងតំបន់នោះ ដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនជីវភាព របស់ពួក
គាត់។ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើ។
នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់លោកបណ្ឌិត យ៉ង់ សាំងកុមារ ដែលមានបទពិសោធការងារផ្នែក កសិកម្មបានសរសេរកាលពីខែកញ្ញា ឆ្នាំ ២០១៩ លើ «ភាពជោគជ័យរបស់វៀតណាមក្នុងការរកចំណូល១០ពាន់លានដុល្លារក្នុង១ឆ្នាំពីឧស្សាហកម្ម កែច្នៃឈើ និងមេរៀនសម្រាប់កម្ពុជា» ដោយលោកបានលើកឡើងថា ប្រទេសវៀតណាម កំពុងទទួលជោគជ័យយ៉ាងធំធេងក្នុងការនាំផលិតផលឈើកែច្នៃចេញទៅ ក្រៅប្រទេស។ នៅឆ្នាំ២០១៨ ប្រទេសនេះនាំឈើ និងផលិតផលឈើកែច្នៃបានចំណូលប្រមាណជាង៩ពាន់លានដុល្លារសហរដ្ឋអាមេរិចដោយកើនប្រមាណ ១៥% បើធៀបទៅនឹងឆ្នាំ ២០១៧។ វិស័យកែច្នៃ ឈើនាំនូវប្រាក់ចំណេញ (Trade Surplus) ប្រហែល ៧ ពាន់លានដុល្លារ។ នៅឆ្នាំ២០១៩នេះ ការនាំចេញក៏បន្តកើនឡើងថែមទៀត។ ឧទាហរណ៍ក្នុងរយៈពេល ៤ខែដំបូង ការនាំចេញផលិតផលឈើរបស់វៀតណាមរកបានចំណូលចំនួន ៣,១២ ពាន់លានដុល្លារ សហរដ្ឋអាមេរិក គឺកើនប្រមាណ ១៦ ទៅ ១៨ភាគរយ បើធៀបទៅនឹងរយៈពេលដដែលនៅឆ្នាំ ២០១៨។ គេរំពឹងថា នៅឆ្នាំ២០១៩ វៀតណាម នឹងអាចរកចំណូលបានជាង ១០ពាន់លានដុល្លារពី ការនាំចេញផលិតផលឈើ (Vietnamnews.com ថ្ងៃទី ២៧ ឧសភា ២០១៩)។ ការនាំចេញផលិត ផលឈើ នឹងនាំមកនូវប្រាក់មកវៀតណាមកាន់តែប្រសើរច្រើនទៀតនៅពេលដែលវៀតណាម ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប (FTA)។ វិស័យកែច្នៃឈើ នៅវៀតណាមមិនត្រឹមតែនាំមកនូវប្រាក់ចំណូលរាប់លានទេ គឺបង្កើតការងារ ជូនប្រជាពលរដ្ឋប្រមាណ ៥សែននាក់ថែមទៀត (amchamvietnam.com។ ឈរលើឱកាស និងភាពជោគជ័យកន្លងមក វៀតណាមមានផែនការនាំផលិតផលឈើចេញ ដែលនាំមកនូវប្រាក់ចំណូល ២០ពាន់លាន គឺប្រមាណជា ២ដងនៃប្រាក់ចំណូលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ទីផ្សារផលិតផលឈើពិភពលោក មានទំហំប្រមាណ ២០០ ពាន់លានដុល្លារ សហរដ្ឋអាមេរិក។
ទាក់ទងនឹងការវិនិយោគចម្ការឈើដាំនៅកម្ពុជានេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រនិងបានថ្លែងថាការការវិនិយោគលើចម្ការឈើដាំពិត ជាពិតជាមានសារៈសំខាន់ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើធម្មជាតិ ហើយ ការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពល
រដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ លោក នេត្រ ភក្ត្រា បានថ្លែងថាការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើក្នុងក្របខណ្ឌឥណទានកាបូន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។