ការវិភាគ៖ អាមេរិក ចិន និងរុស្ស៊ីជាអ្នកបញ្ចេញឧស្ម័ន CO2 ច្រើនជាងគេចាប់តាំងពីឆ្នាំ ១៨៥០ មក
សិង្ហបុរី៖ នៅពេលនិយាយអំពីការទូតអាកាសធាតុអន្តរជាតិ ការទទួលខុសត្រូវចំពោះការបំពុលកាបូនទាំងអស់នៅក្នុងបរិយាកាសពិតជាសំខាន់ ហើយមិនត្រឹមតែឥឡូវនេះទេប៉ុន្តែជាប្រវត្តិសាស្ត្រដែលអ្នកបំពុលកាន់តែធំ កាន់តែមានការទទួលខុសត្រូវច្រើនចំពោះការឡើងកំដៅផែនដីនាពេលបច្ចុប្បន្ន។
ការវិភាគនាចេញផ្សាយកាលពីដើមខែស្ដីពីការបំភាយកាបូនឌីអុកស៊ីត (CO2) សរុបរបស់ប្រទេសនានាចាប់តាំងពីឆ្នាំ ១៨៥០ របស់កម្មវិធី Carbon Brief បង្ហាញថា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ចូលរួមប្រមាណ ៤០ ភាគរយនៃការបញ្ចេញឧស្ម័ន CO2 ដែលប្រមូលបានពីសកម្មភាពមនុស្ស។
ការវិភាគដដែលបង្ហាញទៀតថា ប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ីទទួលខុសត្រូវ ៨,៦ ភាគរយដោយសារតែការកាប់បំផ្លាញព្រៃឈើអស់ជាច្រើនទសវត្សរ៍ និងបន្ទាប់មកទៀតនោះគឺប្រទេសអាល្លឺម៉ង់ដែលស្ថិតនៅក្នុងបញ្ជីកំពូលទាំង ១០ រួមជាមួយឥណ្ឌា អង់គ្លេស ជប៉ុន និងកាណាដា។
លោក Simon Evans អនុប្រធាននិពន្ធនៃកម្មវិធី Carbon Brief ដែលជាគេហទំព័រធ្វើការសិក្សាលើវិទ្យាសាស្ត្រអាកាសធាតុ និងគោលនយោបាយ និងគោលនយោបាយថាមពលនិយាយថា៖ «មានទំនាក់ទំនងផ្ទាល់រវាងនៃការបំភាយឧស្ម័ន CO2 ចំនួន ២ ៥០០ ប៊ីលានតោនទៅក្នុងបរិយាកាសចាប់តាំងពីឆ្នាំ ១៨៥០ និងការកើនឡើងកំដៅ ១,២ អង្សាសេដែលយើងកំពុងជួបប្រទះ»។
បើតាមលោក Evans ការវិភាគថ្មីនេះផ្អែកលើការបំភាយឧស្ម័ន CO2 នៅតាមតំបន់ដោយឆ្លុះបញ្ចាំងពីកន្លែងដែលការបញ្ចេញឧស្ម័នកើតឡើង ហើយវាក៏មើលទៅលើផលប៉ះពាល់នៃបរិមាណបំភាយដែលផ្អែកលើការប្រើប្រាស់ ដើម្បីឆ្លុះបញ្ចាំងពីពាណិជ្ជកម្មទំនិញ និងសេវាកម្មដែលមានកាបូនច្រើន។
អនុប្រធាននិពន្ធរូបនេះនិយាយថា ជាប្រវត្តិសាស្ត្រប្រទេសជាច្រើនទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន CO2 ភាគច្រើនដែលកកកុញនៅក្នុងបរិយាកាសតាំងពីឆ្នាំ ១៨៥០ ដោយសារតែឥន្ធនៈហ្វូស៊ីល ការផលិតស៊ីម៉ងត៍ ការផ្លាស់ប្តូរការប្រើប្រាស់ដី និងព្រៃឈើដែលរងការបំផ្លាញជាចម្បង។
ការប៉ាន់ប្រមាណការបំភាយឧស្ម័នជាប្រវត្តិសាស្ត្រពីការផ្លាស់ប្តូរការប្រើប្រាស់ដី និងព្រៃឈើ យោងលើការផលិតឧស្ម័ន CO2 ដែលមានទំហំពីការកាប់បំផ្លាញព្រៃឈើសម្រាប់វិស័យកសិកម្ម រ៉ែ និងការពង្រីកទីក្រុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ។
យោងតាមការវិភាគដដែល ត្រឹមចុងឆ្នាំ២០២១ សហរដ្ឋអាមេរិកនឹងបញ្ចេញឧស្ម័ន CO2 ជាង ៥០៩ ប៊ីលានតោនចាប់តាំងពីឆ្នាំ ១៨៥០ ឬស្មើនឹង ២០,៣ ភាគរយនៃចំនួនសរុបពិភពលោក ដែលជាចំណែកធំបំផុត និងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងកំដៅប្រហែល ០.២ អង្សាសេរហូតមកដល់បច្ចុប្បន្ន។
ទីពីរនោះគឺប្រទេសចិន ដោយប្រទេសនេះរួមចំណែកបំភាយឧស្ម័ន CO2 ចំនួន ១១,៤ ភាគរយ និងការកើនឡើងកំដៅប្រហែល ០,១ អង្សាសេ។ លោក Evans និយាយថា ចិនមានការបំភាយឧស្ម័នដោយសារការប្រើប្រាស់ដីខ្ពស់ចាប់តាំងពីឆ្នាំ ១៨៥០ ប៉ុន្តែការរីកចម្រើនផ្នែកសេដ្ឋកិច្ចដោយធ្យូងថ្មរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០០០ គឺជាបុព្វហេតុចម្បងនៃតំណែងបច្ចុប្បន្នរបស់ប្រទេសនេះ។
បរិមាណ CO2 របស់ចិនកើនឡើងជាងបីដងចាប់តាំងពីឆ្នាំ ២០០០ ដោយវ៉ាដាច់អាមេរិកក្លាយជាអ្នកបញ្ចេញឧស្ម័នធំបំផុតរបស់ពិភពលោក រួមចំណែកប្រហែល ២៨ ភាគរយនៃការបញ្ចេញឧស្ម័ន CO2 ប្រចាំឆ្នាំរបស់មនុស្សធៀបនឹង ១៥ ភាគរយសម្រាប់សហរដ្ឋអាមេរិក។
លទ្ធផលគួរឱ្យចាប់អារម្មណ៍មួយនៃការវិភាគ គឺការរួមចំណែកជាប្រវត្តិសាស្ត្រពីការប្រើប្រាស់ដី និងព្រៃឈើ ដែលបន្ថែមឧស្ម័ន CO2 ចំនួន ៧៨៦ ប៊ីលានតោនពីឆ្នាំ ១៨៥០ ដល់ឆ្នាំ ២០២១ ឬស្មើនឹងជិត ១/៣ នៃចំនួនសរុប ហើយ ២/៣ ដែលនៅសល់គឺបានមកពីឥន្ធនៈហ្វូស៊ីល និងការផលិតស៊ីម៉ងត៍។
លោក Leo Hickman និពន្ធនាយកនៃកម្មវិធី Carbon Brief និយាយថា៖ «យើងគិតថា ការវិភាគនេះផ្តល់ពន្លឺកាន់តែខ្លាំងទៅលើតម្រូវការក្នុងការពិចារណាការប្រើប្រាស់ដី និងការបំភាយឧស្ម័នព្រៃឈើ ហើយមិនត្រឹមតែផ្តោតលើការបញ្ចេញឥន្ធនៈហ្វូស៊ីលប៉ុណ្ណោះទេ»។
លោក Mohamed Nasheed ឯកអគ្គរដ្ឋទូតនៃវេទិកាងាយរងគ្រោះអាកាសធាតុ (CVF) ដែលជាក្រុមប្រទេសចំនួន ៤៨ និងជាប្រធានសភានៅម៉ាល់ឌីវនិយាយថា៖ «យុត្តិធម៌ជាមូលដ្ឋានទាមទារឱ្យអ្នកដែលបង្កឱ្យមានភាពអាសន្ននៃអាកាសធាតុធំបំផុត គួរតែនាំមុខគេដោះស្រាយបញ្ហា។ ការវិភាគថ្មីនេះបញ្ជាក់យ៉ាងច្បាស់ថា ការទទួលខុសត្រូវស្ថិតជា ចម្បងមិនមែនតែអាមេរិកទេ ក៏ប៉ុន្តែរួមទាំងចិន និងរុស្ស៊ី»។
នៅឯកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP26 នៅទីក្រុង Glasgow ចាប់ផ្តើមនៅចុងខែតុលានេះ រួមទាំងការទទួលខុសត្រូវជាប្រវត្តិសាស្ត្រនឹងក្លាយជាការផ្តោតសំខាន់សម្រាប់ប្រទេសក្រីក្រ និងងាយរងគ្រោះ ដែលចង់បានយុត្តិធម៌ពីផលប៉ះពាល់អាកាសធាតុធ្ងន់ធ្ងរដែលខ្លួនទទួលរងដោយសារតែការបញ្ចេញឧស្ម័នពីប្រទេសសេដ្ឋកិច្ចធំៗ ដែលរីកចម្រើនដោយសារការដុតឥន្ធនៈហ្វូស៊ីល។
ការវិភាគ Carbon Brief បង្ហាញថាប្រហែល ៨៥ ភាគរយនៃការបំភាយឧស្ម័នរបស់អាមេរិក និងចិន គឺបានមកពីការដុតឥន្ធនៈហ្វូស៊ីល និង ១៥ ភាគរយពីការកាប់បំផ្លាញព្រៃឈើរបស់ប្រេស៊ីល និងឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យមានការរីកចម្រើនខ្លះក្នុងការបញ្ឈប់ការបំផ្លាញព្រៃឈើ ប៉ុន្តែបញ្ហានេះកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសប្រេស៊ីល ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Jair Bolsonaro ។
ប្រទេសចិនសន្យាថា ខ្លួននឹងបង្កើនការកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួននៅឆ្នាំ ២០៣០ និងសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៦០ ខណៈសហរដ្ឋអាមេរិកប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នឱ្យកាន់តែស៊ីជម្រៅមុន COP26 និងនិយាយថាខ្លួននឹងបង្កើនការរួមចំណែកហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនទ្វេដងដល់ប្រទេសកំពុងអភិវឌ្ឍដែលអ្នកខ្លះនៅតែមើលឃើញថា វាមានចំនួននេះតិចតួចសម្រាប់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។
ជាមួយគ្នានេះផងដែរ ប្រទេសរុស្ស៊ីបានធ្វើការសន្យាថ្មីមួយលើបញ្ហាដូចគ្នា ប៉ុន្តែប្រទេសនេះនៅតែបន្តឱ្យមានការបញ្ចេញឧស្ម័នកើនឡើង ហើយក្រុមតាមដានសកម្មភាពអាកាសធាតុចាត់ថ្នាក់ថា «មិនគ្រប់គ្រាន់» បើប្រៀបធៀបទៅនឹងគោលដៅនៃកិច្ចព្រមព្រៀងប៉ារីស។
ទិន្នន័យនៃការវិភាគថ្មីក៏បានបង្ហាញផងដែរថា ប្រទេសនានានៅលើពិភពលោកប្រើប្រាស់ថវិកា ៨៥ ភាគរយនៃកាបូនឌីអុកស៊ីតដែលនឹងផ្តល់ឱកាស ៥០% ក្នុងការកំណត់កំដៅដល់ ១,៥ អង្សាសេដែលជាដែនកំណត់គ្រោះថ្នាក់ដែលបានព្រមព្រៀងនៅប៉ារីសក្នុងឆ្នាំ ២០១៥ ។

ប្រភព៖ The Straitstimes