ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បញ្ជាក់ថា ប្រជាពលរដ្ឋមានដើមទុនតិចតួចក៏អាចទិញភាគហ៊ុនរបស់ខ្លួនបាន បន្ទាប់ពីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ(IPO)នៅផ្សារមូលបត្រកម្ពុជានាពេលខាងមុខនេះ
ភ្នំពេញ ៖ ក្នុងសិក្ខាសាលាស្តីពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅផ្សារមូលបត្រកម្ពុជារបស់ភាគហ៊ុនធនាគារ អេស៊ីលីដា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬ ឯកត្តជន ដែលមានដើមទុនតិចតួច ក៏អាចទិញភាគហ៊ុននៅក្នុងធនាគាររបស់ខ្លួនបាន ដោយមិនតម្រូវលក់ឲ្យតែស្ថាប័ន ឬសហគ្រាសនោះទេ។
លោកមានប្រសាសន៍ថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណជនក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន។ លោកបានបង្ហាញបំណងដោយចង់ឲ្យឯកត្តជន ឬរូបវន្តបុគ្គលទិញភាគហ៊ុនទាំងអស់ ក្នុងគ្រាដែលធនាគាររបស់ខ្លួនបោះផ្សាយលក់នៅពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា ផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុនចំណុះរបស់រដ្ឋ ត្រូវបានដំណើរការចាប់តាំងពីឆ្នាំ២០១២ ដោយមកដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនដែលបានបោះផ្សាយមូលបត្ររួចហើយដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះបានបញ្ជាក់ថា ការចូលរួមវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា គឺទទួលបានផលចំណេញដូចជា ការទទួលបានប្រាក់ចំណេញពីការជួញដូរភាគហ៊ុន ទទួលបានដើមទុនដើម្បីពង្រីកអាជីវកម្ម និងទំនាក់ទំនងនៃការឲ្យខ្ចីទុន និងការខ្ចីទុនដោយមិនបាច់ដាក់ទ្រព្យតម្តល់ជាដើម៕