ចិនថ្កោលទោសសហរដ្ឋអាមេរិក និងកាណាដា ចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង៖ ​យោធា​ចិន​កាល​ពី​ថ្ងៃ​អាទិត្យ​​ថ្កោល​ទោស​សហរដ្ឋ​អាមេរិក​ និង​កាណាដា​ ចំពោះ​ការ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាល​ពី​សប្តាហ៍​មុន​ ដោយ​និយាយ​ថា​ប្រទេស​ទាំង​ពីរ​កំពុង​គំរាម​កំហែង​ដល់​សន្តិភាព​ និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។​

​យោធា​អាមេរិក​​និយាយ​ថា​ នាវា​​កំទេច​មីស៊ីល​ ​ USS Dewey របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ទឹក​តូច​ចង្អៀត​ចន្លោះ​កោះ​តៃវ៉ាន់​ និង​ចិន​ រួម​ជាមួយ​នាវា​ចម្បាំង​ HMCS Winnipeg ​របស់​កាណាដា​កាល​ពីសប្ដាហ៍មុន​ ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ ​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដោយ​សេរី​ និង​បើក​ចំហ​។​

​បញ្ជា​ការ​​ភាគ​ខាង​កើត​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​​និយាយ​ថា​ កង​កម្លាំង​របស់​ខ្លួន​បាន​ឃ្លាំ​មើល​នាវា​ទាំង​នោះ​។​​ បញ្ជាការ​បន្ត​ថា​៖​ «​សហរដ្ឋ​អាមេរិក​ និង​កាណាដា​ ​ឃុប​ឃិត​គ្នា​ដើម្បី​បង្ក​​បញ្ហា​ ​ធ្វើ​ឱ្យ​ប៉ះពាល់យ៉ា​ង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។​ តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ចិន​។​ កង​កម្លាំង​បញ្ជាការ​តែង​តែ​រក្សា​ការ​ដាស់​តឿន​កម្រិត​ខ្ពស់​ និង​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​រាល់​ការ​គំរាម​កំហែង​ និង​ការ​បង្ក​ហេតុ​»​។​

បន្ថែម​​ពី​ការ​អះអាង​ថា​កោះ​តៃវ៉ាន់​​​គឺ​ជា​ទឹកដី​​របស់​ខ្លួន​ ចិន​បាន​ដាក់​បេសកកម្ម​កង​ទ័ព​អាកាស​ម្តង​ហើយ​ម្តង​ទៀត​ចូល​ទៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​អាកាស​របស់​តៃវ៉ាន់​ (ADIZ) ក្នុ​ង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​បង្ក​ឱ្យ​មាន​កំហឹង​ពី​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​។​ ប្រទេស​នេះ​បញ្ជូន​យន្តហោះ​ប្រហែល ​១៥០ ​គ្រឿង​ចូល​ទៅ​ក្នុង​តំបន់​ក្នុង​រយៈ​ពេល​ ៤ ​ថ្ងៃ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១ ​ខែ​តុលា ​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​បន្ថែម​ទៀត​រវាង​ទីក្រុង​ប៉េកាំង​ និង​តៃប៉ិ​ និង​បង្ក​​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិ​។​

​ខណៈ​ពេល​ដែល​ភាព​តាន​តឹង​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​​កើន​ឡើង​ មិន​មាន​ការ​បាញ់​ប្រហារ​ណាមួយ​កើត​ឡើង​ទេ​ ហើយ​យន្តហោះ​ចិន​ក៏​មិន​បាន​ចូល​ក្នុង​លំហ​អាកាស​តៃវ៉ាន់​ ដោយ​ផ្តោត​សកម្មភាព​របស់​ខ្លួន​នៅ​ផ្នែក​និរតី​នៃ​ ADIZ​​។​ យ៉ាង​ណា​មិញ​ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា​ យន្តហោះ​ចិន​ចំនួន​ ៣ ​គ្រឿង ​រួម​មាន​មាន​យន្ត​ហោះ​ប្រយុទ្ធ​ J-16 ​ចំនួន​ ២ ​គ្រឿង និ​ងយ​ន្តហោះ​ប្រឆាំង​នាវា​មុជទឹ​កមួ​យគ្រឿ​ង ​បាន​ហោះ​ចូល​ទៅក្នុ​ង​តំបន់​ ADIZ ​ម្តង​ទៀត​។​

​ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner