បីត្រីមាសដំបូងក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចចិនកើនឡើង ៩,៨ភាគរយ ធ្វើអោយកំណើនសេដ្ឋកិច្ចជាមធ្យមរយៈពេល២ឆ្នាំចុងក្រោយនេះមានអត្រា ៥,២ភាគរយ
ប៉េកាំង៖ ការិយាល័យស្ថិតិជាតិចិន (NBS) បានអោយដឹងថា ផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសមហាអំណាចមួយនេះ បានកើនឡើង ៩,៨ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំ២០២១នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះមានអត្រា ៥,២ភាគរយ។
ទន្ទឹមនេះ នៅត្រីមាសទី៣ ឆ្នាំ២០២១នេះ ផលិតផលក្នុងស្រុកសរុប GDP របស់ចិនបានកើនឡើង ៤,៩ភាគរយ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ ពោលគឺជាកំណើនមួយទាបជាងការកំណើន ១៨,៣ភាគរយនៅត្រីមាសទី១ និង ៧,៩ភាគរយនៅត្រីមាសទី២។ ទិន្នន័យរបស់ NBS បានអោយដឹងទៀតថា អត្រាគ្មានការងារធ្វើក្នុងទីក្រុងដែលត្រូវបានអង្កេតមានអត្រា ៤,៩ភាគរយនៅខែកញ្ញា ដែលធ្លាក់ចុះ ០,៥ពិន្ទុភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានកើនឡើង ១១,៨ភាគរយក្នុងរយៈពេលបីត្រីមាសដំបូង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើង ៧,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។ ដោយឡែកសូចនាករសេដ្ឋកិច្ចធំៗផ្សេងទៀតបានបង្ហាញពីភាពប្រសើរឡើងជាបន្តនៅទូទាំងសេដ្ឋកិច្ច ដោយការលក់រាយនៃទំនិញប្រើប្រាស់បានកើនឡើង ១៦,៤ភាគរយក្នុងរយៈពេលបីត្រីមាសដំបូងក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ប្រភព៖ ស៊ីនហួរ
