លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែមករានេះ បានច្រានចោលសំណួរដែលមិនពាក់ព័ន្ធ អំពីថាតើការគំរាមកំហែងរបស់មេបញ្ជាការកងកម្លាំង Quds អ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី ប៉ះពាល់ដល់អត្ថប្រយោជន៍របស់អាម៉េរិកនៅតំបន់មជ្ឈឹមបូព៌ាដល់កម្រិតណា បានជាលោក ត្រាំ បញ្ជាឲ្យបើកការវាយប្រហារតាមអាកាសសម្លាប់លោក សូឡៃមេនី ។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើតថា បណ្តាញសារព័ត៌ មានសហរដ្ឋអាម៉េរិក និងគណបក្សប្រជាធិបតេយ្យដែលជាដៃគូរបស់ពួកគេកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកំណត់ថាតើការគំរាមកំហែងនៅពេលខាងមុខដោយភេរវករ សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ឬក៏អត់ ។ ចម្លើយគឺពិតជាធ្ងន់ធ្ងរណាស់ ប៉ុន្តែវាមិនមែនជាបញ្ហាចោទទេឥឡូវនេះ ពីព្រោះថា វាក្លាយជាអតីតកាលទៅហើយ ។

ទន្ទឹមគ្នា លោក ត្រាំ បានរិះគន់គណបក្សប្រជាធិបតេយ្យ និងបណ្តាញផ្សព្វផ្សាយ ថា កំពុងព្យាយាមធ្វើឲ្យភេរវករ សូឡៃមេនី ក្លាយជាបុគ្គលអស្ចារ្យ ដោយសារថាអ្វីដែលលោកបានធ្វើ គួរតែត្រូវធ្វើតាំងពី២០ឆ្នាំមុនមកម្ល៉េះ ។ អ្វីៗទាំងអស់ដែលលោកបានធ្វើ មិនថាការពង្រឹងសេដ្ឋកិច្ច យោធា ឬអ្វីៗផ្សេងទៀតទេ គឺនឹងរងការរិះគន់ពីក្រុមឆ្វេងនិយម គណបក្សប្រជាធិបតេយ្យដែលមិនធ្វើអ្វីទាល់តែសោះ ។

លោក ត្រាំ មិនបានផ្តល់ភស្តុតាងគាំទ្រដល់ការអះអាងរបស់លោកដែលថា លោក សូឡៃមេនី មានគម្រោងបំផ្លាញស្ថានទូតអាម៉េរិកចំនួន៤កន្លែង បន្ទាប់ពីក្រុមមន្រ្តីអាម៉េរិកសំខាន់ៗ មិនផ្តល់អត្ថាធិប្បាយអំពីការគំរាមកំហែងដូចនេះដែរ៕ធ.ដ