អាជ្ញាធរថៃរកឃើញអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមចម្លែកថ្មីមកពីប្រទេសចិន
ថៃ៖ អ្នកដំណើរជនជាតិចិនម្នាក់ត្រូវបានអាជ្ញាធរថៃរកឃើញថា បានឆ្លងវីរុស រលាកផ្លូវដង្ហើមប្រភេទថ្មីដែលរីករាលនៅក្នុងប្រទេសចិន នៅពេលអ្នកដំណើររូបនេះបានមកដល់ប្រទេសថៃ។ រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បានប្រកាសពីដំណឹងខាងលើ នៅថ្ងៃទី១៣ ខែមករានេះ ។

ភ្ញៀវទេសចរចិនម្នាក់នោះ ជាស្រ្តីវ័យ៦១ឆ្នាំដែលកំពុងបន្តសម្រាកព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមក ហើយនឹងអាចចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅចិនវិញបាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសចិន មនុស្សចំនួន៥៩នាក់ត្រូវបានរកឃើញថា មានផ្ទុកវីរុសថ្មីនៃអម្បូរវីរុសគេហៅថា Coronavirus ដែលបានផ្ទុះឡើងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ក្នុងចំណោមនោះ មានម្នាក់បានបាត់បង់ជីវិត ។ អ្នកដំណើរចិនរូបនោះ គឺជាបុគ្គលទីមួយ ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសប្រភេទថ្មីនេះនៅក្រៅប្រទេសចិន ៕ធ.ដ

