លោកជំទាវ ឃួន សុដារី ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីទិសដៅការងារបន្ត ក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាសុី-អឺរ៉ុប លេីកទី១១
ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការរៀបចំ ASEP11 បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ ជាអនុប្រធានគណៈកម្មការរៀបចំ និងប្រធានអនុគណៈកម្មការទាំង៦ ប្រធានគណៈប្រតិភូសភាកម្ពុជានៃកិច្ចប្រជុំពេញអង្គ ប្រធានគណៈប្រតិភូនិងប្រធានកិច្ចប្រជុំរៀបចំសេចក្តីព្រាង ប្រធានគណៈប្រតិភូនិងប្រធានកិច្ចប្រជុំក្រុមពិភាក្សាទាំងបី ក្រុមប្រឹក្សាយោបល់របស់គណៈកម្មការរៀបចំ និងឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារទី១ និងក្រុមការងារទី២ នៃសេចក្ដីសម្រេចលេខ១៣០ រ.ស ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារដែលបានរៀបចំកន្លងមក និងពិភាក្សាអំពីទិសដៅការងារបន្ត ក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាសុី-អឺរ៉ុប លេីកទី១១ ដែលសភាកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះតាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕



