លោកជំទាវ កុយ ពិសី អំពាវនាវឲ្យស្ត្រី ចូលរួមលេងកីឡាអោយកាន់តែផុសផុល ដើម្បីគោលដៅឆ្ពោះទៅសម្រេចជោគជ័យស៊ីហ្គេមឆ្នាំ២០២៣
លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា អំពាវនាវឲ្យស្ត្រី ចូលរួមទិវារត់ប្រណាំងស្ត្រី ឲ្យបានច្រើន ដើម្បីសម្រួចគោលដៅជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចជោគជ័យ នាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការអំពាវនាវ របស់លោកជំទាវ កុយ ពិសី ក្នុងសន្និសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដែលមានការចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងសមាជិកសមាជិការជាច្រើនរូបទៀតផងដែរ ។
លោកជំទាវ ប្រធានគណៈកម្មការស្ត្រី និងកីឡា សង្ឃឹមថា សមាជិកគណៈកម្មការស្ត្រី និងប្អូនកីឡាករកីឡាការិនីទាំងអស់ រួបរួមពួតដៃគ្នាជម្រុញសកម្មភាពស្រ្តីអោយមានការផុសផុលក្នុងការលេងកីឡាអោយបានច្រើនគ្រប់ៗគ្នា ដើម្បីទទួលបានសុខភាពរឹងមាំ ជាពិសេសជម្រុញស្វែងរកកីឡាការិនីដែលមានសមត្ថភាព ដើម្បីប្រកួតប្រជែង ដណ្តើមបានមេដាយច្រើនសម្រាប់ជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដោយលោកជំទាវ ជឿជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡា ស្រ្តីនេះ និងអាចផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ ដើម្បីទាក់ទាញស្រ្តីអោយចូលរួមលេងកីឡាអោយកាន់តែច្រើន ព្រោះពួកគេជា ឆ្អឹងខ្នងសង្គម និងជាប្រភពសុមង្គលក្នុងគ្រួសារ អ្វីសំខាន់ គឺឲ្យស្ត្រីមានសុខភាពល្អ ហេតុដូចនេះហើយត្រូវចូលរួមលេងកីឡា។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ការប្រកួតនេះក៏បើកចំហរដល់បុរសដែរ តែអ្វីសំខាន់គឺជំរុញស្ត្រីចូលរួមឲ្យបានច្រើន ព្រោះវាជាឱកាសស្វែងរកឧត្តមភាពកីឡា និងផ្សព្វផ្សាយចលនាស្ត្រីក្នុងកីឡាដើម្បីស្រូបយកទេពកោសល្យ ជួយជំរុញឲ្យសង្គមជាតិមានការចូលរួមលើកតម្កើនសមភាពយេនឌ័រក្នុងសង្គម។ ឯកឧត្តម វ៉ាត់ ចំរើន សង្ឃឹមថា នឹងមានអ្នកចូលរួមបានដល់៥០០០នាក់ បើមិនគ្រប់ទេ នឹងបើកចំហរដល់អត្តពលិក និងសិស្ស។
សូមបញ្ចាក់ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ដែលរៀបចំឡើងដោយគណៈកម្មការស្ត្រី និងកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ។ ដោយធ្វើការចុះឈ្មោះ តាមអនឡាញ ចំពោះវិញ្ញាសា១០គីឡូ តម្លៃ២០ដុល្លារ សម្រាប់ជនបរទេសម្នាក់ និងពលរដ្ឋកម្ពុជាម្នាក់ ១០ដុល្លារ ចំណែកឯ ៤គីឡូសម្រាប់ជនបរទេសម្នាក់ ១៥ដុល្លារ និងពលរដ្ឋកម្ពុជាម្នាក់ ៧ដុល្លារ ។ ហើយថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវប្រើប្រាស់សម្រាប់បោះពុម្ពអាវ, លេខ, ប្រព័ន្ធផ្ដល់ពិន្ទុតាមស្តង់ដារ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ៕






