ប្រធានអង្គភាពកីឡានគរបាលជាតិ សំណូមពរទៅដល់ អ្នកដែលមានធនធាន ចូលរួមឧបត្ថម បន្ថែមទៀតដើម្បីអភិវឌ្ឃវិស័យកីឡា នៅក្នុងប្រទេសកម្ពុជាអោយមានការីកចម្រើន
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ បានអំពាវនាវ ទៅដល់អ្នកដែលមានធនធាន សូមចូលរួមចំណែកឧបត្ថម ទ្រទ្រង់រួមចំណែក លើកស្ទួយវិស័យកីឡាជាតិបន្ថែមទៀត ក្នុងការកសាងធនធានមនុស្ស និងសង្គម អោយមានការរីកចម្រើន ។
ការអំពាវលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង យ៉ាងដូច្នេះគ្រាដែលលោក បាននាំយកកម្រាលតាប ជាអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់បម្រើដល់ការហ្វឹកហាត់ ប្រគល់ជូនសហព័ន្ធខ្មែរកីឡាហាប់គីដូ និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា កាលល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ ជឿជាក់ថា ការឧបត្ថមជាកម្រាលតាបនេះ វានឹងអាចជួយសម្រួលដល់ការហ្វឹកហាត់របស់អត្តពលិកបានមួយកម្រិត ដើម្បីរួមចំណែកទ្រទ្រង់កីឡាជាតិអោយកាន់តែរីកចម្រើន។ លោកប្រធានអង្គភាព ក៏បានបញ្ជាក់ផងដែលថា ក្រៅពីសហព័ន្ធទាំងពីរ សម្ដេចក្រឡាហោម ស ខេង នឹងជួយជ្រោមជ្រែងសហព័ន្ធផ្សេងៗទៀត ប្រសិនបើមានតម្រូវការ។
ក្រោយទទួលបានអំណោយដែលជាកម្រាលតាប លោក គង់ ច័ន្ទធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង និងអង្គភាពកីឡានគរបាលជាតិ ដែលបានជួយឧបត្ថម្ភសម្ភារៈដ៏សំខាន់នេះ ព្រោះថា វាពិតជាចាំបាច់ណាស់សម្រាប់បម្រើដល់អត្តពលិកមានភាពងាយស្រួលក្នុងការហ្វឹកហាត់។
សូមបញ្ជាក់ថា កម្រាលតាប ដែលជាអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់បម្រើដល់ការហ្វឹកហាត់ មានប្រវែងប្រមាណជាង១៣០ម៉ែត្រ សរុបថវិការ ជិតមួយម៉ឺនដុល្លារអាមេរិក ។


