រដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីន៖ ប៉ូលិសប្រព្រឹត្តិឧក្រិដ្ឋកម្មអំឡុងពេលសង្គ្រាមប្រឆាំងគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីនលោក Menardo Guevarra បានប្រកាសនៅក្នុងខែនេះថា ប៉ូលិសចំនួន ១៥៤ ត្រូវបានរកឃើញថាមានប្រព្រឹត្តិឧក្រិដ្ឋកម្ម អំឡុងពេលប្រតិបត្តិការសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលជាយុទ្ធនាការដាក់ចេញដោយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែរតេ។
ការប្រកាសបែបនេះធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលហ្វីលីពីនត្រួតពិនិត្យឡើងវិញនូវការអនុវត្តយុទ្ធនាការមួយនេះ ដែលសម្លាប់មនុស្សប្រមាណ ៦ពាន់នាក់។
លោក Guevarra បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា ក្រោយពេលដែលត្រួតពិនិត្យរួច ខាងក្រសួងបានរកឃើញថា ការអះអាងថា «បាញ់សម្លាប់ដើម្បីការពារខ្លួន» ពីសំណាក់ប៉ូលិសមួយចំនួនគឺមិនត្រឹមត្រូវទេ។
មន្ត្រីប៉ូលិសដែលជាប់ពាក់ព័ន្ធនឹងករណីទាំងនេះត្រូវបានគេផ្ដល់អនុសាសន៍ឱ្យទម្លាក់តំណែង ឬ បញ្ឈរជើងជាបណ្ដោះអាសន្ន ដោយអង្គភាពវិន័យផ្ទៃក្នុងរបស់ប៉ូលិស។
ស្របពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតពេញលេញលើករណីនេះ រដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីនបានប្រាប់ថាការត្រួតពិនិត្យឡើងវិញនេះ មិនមែន «ចង់ផ្គាប់ចិត្ត ឬ ជះឥទ្ធិពលដល់ ICC ទេ តែផ្ទុយទៅវិញ នេះជារឿងត្រឹមត្រូវ និងយុត្តិធម៌ដែលត្រូវធ្វើ»៕

ប្រភព៖ CNA