បុរសម្នាក់ បើករថយន្តមួយគ្រឿង សង្ស័យងងុយដេករ៉េចង្កូតបុករះជញ្ជាំងផ្ទះ និងរោងលក់ដូររបស់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ បុរសស្រ្តី ២នាក់ ប្ដីប្រពន្ធ បានអះអាងថា មកពីកំដរបុណ្យសពបងប្អូន បើកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពងងុយដេករ៉េចង្កូត ជ្រុលទៅបុករះជញ្ជាំងផ្ទះ និងរោងលក់ដូររបស់ប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតរថយន្ត រួមទាំងរោងលក់ដូរ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្បែរស្ពានអាកាស៥មករា ស្ថិតនៅតាមណ្ដោយផ្លូវលេខ១១២ កែងមហាវិថីម៉ៅសេទុង ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសស្រ្តី២នាក់ប្ដីប្រពន្ធ បើបររថយន្តមួយគ្រឿង ម៉ាក Ford ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ18 2-0036 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏បានរ៉េចង្កូត បុករះជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងរោងសម្រាបលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាត រួមទាំងខូចខាតរថយន្តផងដែរ។ តែសំណាងល្អនោះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ។

តាមសម្តីពីម្ចាស់រថយន្តបង្ក បានឱ្យដឹងផងដែរថា នៅមុនពេលកើតហេតុ រូបគាត់២នាក់ប្ដីប្រពន្ធ បានមកពីកំដរបុណ្យសពរបស់បងប្អូន អស់រយះពេល២យប់មកហើយ ទើបធ្វើដំណើរមកផ្ទះវិញ ក៏ស្រាប់តែមានសភាពងងុយដេក ក៏បានរ៉េចង្កូតបុករះជញ្ជាំងផ្ទះតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ បានចុះមកដល់ទីតាំងកើតហេតុ ដោយក្នុងករណីនេះ មិនបណ្ដាលឱ្យមានរងរបួសដល់មនុស្ស ទើបសមត្ថកិច្ចឱ្យធ្វើការសម្របសម្រួលគ្នារវាងម្ចាស់ផ្ទះ ម្ចាស់រោងលក់ដូរ និងរថយន្តបង្ក ដោយសងជាសំណង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចប្រគល់រថយន្តឱ្យទៅម្ចាស់យកទៅជួសជុលវិញដោយខ្លួនឯង៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner