មនុស្សជាង ១៥០នាក់ក្នុងប្រទេសឥណ្ឌា និងនេប៉ាល់បានស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបោកបក់ផ្ដាច់ផ្លូវ និងផ្ទះសម្បែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
មនុស្សជាង ១៥០នាក់ក្នុងប្រទេសឥណ្ឌា និងនេប៉ាល់បានស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបោកបក់ផ្ដាច់ផ្លូវ និងផ្ទះសម្បែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។
ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេស បានបង្កឱ្យមានការបាក់ដី និងបំផ្លាញសំណង់អគារជាច្រើនខ្នង។ មនុស្ស ៤៦នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងរដ្ឋ Uttarakhand ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៣៩នាក់នៅរដ្ឋ Kerala។ រីឯប្រទេសនេប៉ាល់វិញ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៧នាក់គិតត្រឹមថ្ងៃទី២០ តុលា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបីថ្ងៃជាប់គ្នានៅតំបន់ភាគខាងកើត និងខាងលិចក្បែរព្រំដែនឥណ្ឌា។
នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្រមានអំពីការធ្លាក់ភ្លៀងខ្លាំងជោគជាំនៅតំបន់ភាគខាងជើង ហើយអាជ្ញាធរបានបិទសាលារៀន និងហាមឃាត់រាល់សកម្មភាពសាសនា និងទេសចរណ៍នៅក្នុងរដ្ឋ។
ការរអិលបាក់ដីតែងកើតមាននៅក្នុងតំបន់ហិមាល័យ និងកើតមានកាន់តែញឹកញាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ការរលាយផ្ទាំងទឹកកក ការសាងសង់ទំនប់វារីអគ្គីសនី និងការកាប់បំផ្លាញព្រៃឈើផងដែរ។
ប្រភព៖ Aljazeera

