ក្រុមហ៊ុន Pfizer-BioNTech៖ ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញរបស់ខ្លួនបានបង្កើនប្រសិទ្ធភាពរហូតដល់ ៩៥.៦ ភាគរយប្រឆាំងនឹងជំងឺកូវីដ-១៩
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Pfizer និង BioNTech បានចេញផ្សាយលទ្ធផលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៃការសាកល្បងព្យាបាលគ្លីនីក នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ពួកគេ ដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់នេះបាននិយាយថា ការសាកល្បងបានបង្ហាញពីការចាក់ដូសទី ៣ ឬដូសជំរុញ អាចធ្វើអោយមានប្រសិទ្ធភាពឡើងវិញរហូតដល់ ៩៥.៦ ភាគរយ។
អ្នកវិទ្យាសាស្ត្ររួមជាមួយក្រុមហ៊ុនបានសិក្សាឃើញថា ការការពារពីការចាក់វ៉ាក់សាំងចំនួនពីរដូសរបស់ពួកគេនឹងរលាយបាត់ក្នុងរយៈពេលប្រាំមួយខែ។ ក្រុមហ៊ុនបានសាកល្បងមនុស្ស ១ ម៉ឺននាក់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ពាក់កណ្តាលនៃអ្នកចូលរួមបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។ ពាក់កណ្តាលទៀតទទួលបានថ្នាំ placebo ។ លទ្ធផលបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី ៣ បានបង្កើនការការពារឡើងវិញដល់កម្រិតដែលពួកគេមាន បន្ទាប់ពីការចាក់ដូសទី ២។
អ្នកចូលរួមមិនសូវងាយនឹងឆ្លងជំងឺកូវីដ១៩ទេ រួមទាំងវីរុសបំប្លែងខ្លួនថ្មី Delta ដែលឆ្លងខ្លាំងផងដែរ។ លទ្ធផលនៃការសាកល្បងនេះបានមកដល់មួយថ្ងៃបន្ទាប់ពីនិយតករអាមេរិកបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Covid-19 ដែលផលិតដោយក្រុមហ៊ុន Moderna និង Johnson & Johnson សម្រាប់ចាក់ដូសទី ៣ ឬដូសជំរុញជាចម្រុះ៕ ប្រភព៖ NHK

