ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និង ពង្រីកកិច្ចសហការលើវិស័យសាធារណៈ និងដឹកជញ្ជូន នៅកម្ពុជា
កាលពីថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួប សម្តែងការគួរសមពីសំណាក់ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីកិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួង សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន និងកំពុងបន្ត ព្រមទាំងទិស ដៅការងារនាពេលអនាគតរបស់ក្រសួង ក្រោមគំនិតផ្តូចផ្ដើមកំណែទម្រង់ថ្មីៗ ផ្សារភ្ជាប់ ទៅនឹងការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារ ណៈ ជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរផងដែរ ពីឆន្ទៈដ៏មោះមុតរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេ ភាគី និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ។
ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និង ពង្រីកកិច្ចសហការលើវិស័យសាធារណៈ និងដឹកជញ្ជូន ជាពិសេសលើគម្រោងនានា ដែលសហរដ្ឋអាមេរិកអាចចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការ កសាងសមត្ថភាពកម្ពុជាឱ្យឆ្ពោះទៅរកភាពរីកចម្រើនមួយកម្រិតទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញភាព រីករាយស្វាគមន៍ចំពោះកិច្ចសហការជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគម្រោងនានា ក្នុងពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង ៕









