ឧត្តមសេនីយ៍ទោ ស សំបូរធន ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សម្រាប់សវនាការជំនុំជម្រះក្តី ជនជាប់ចោរ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ
ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សម្រាប់សវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ ដល់នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ នាយវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាយ នាយរងការិយាល័យ និងមេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល នាយរងសេនាធិការឡើងអានផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សម្រាប់សវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងផែនការណែនាំ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាពនិងសង្រ្គោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ ត្រៀមអន្តរាគមន៍ ការពារសវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ រួមមក លោកឧត្តមសេនីយ៍ទោ ស សំបូរធន មានប្រសាសន៍ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អោយផ្សព្វផ្សាយពីផែនការលេខ៦៥ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់សវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ ដែលសវនាការនេះនិងចាប់ផ្តើមធ្វើនៅថ្ងៃទី១៥ ខែមករា ខាងមុខនេះ ដែលមេបញ្ជាការអង្គភាពនីមួយៗ ត្រូវក្តាប់ឱ្យបានផែនការនេះ និងត្រឡប់ទៅវិញ ត្រូវរៀបចំផែនការ ដែលបានដាក់ចេញ។ លោកឧត្តមសេនីយ៍ទោ បានបន្តថា ក្នុងនាមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជាការកោតសរសើរ ចំពោះនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលនៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ក្នុងការការពារសន្តិសុខ ការបង្រ្កាបបទល្មើសធនធានធម្មជាតិ។ នៅដើមឆ្នាំ២០២០ នេះ មានព្រឹត្តិការណ៍គួរឱ្យសោកស្តាយ និងចូលរួមចំណែករំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព ក្រុមគ្រួសារជនរងគ្រោះ ក្នុងករណីបាក់អគារ ៦ជាន់នៅខេត្តកែប និងកោតសរសើរ មេបញ្ជាការខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញដែលបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះជនរងគ្រោះ ក៏ដូចជាការពារសន្តិសុខជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកឧត្តមសេនីយ៍ទោ ស សំបូរធន បានបន្ថែមថា ចំពោះផែនការ ការពារសន្តិសុខ សវនាការជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា នេះ គ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវអនុវត្តចំណុចខ្ពស់ ចូលគ្រប់គោលដៅត្រៀមចាប់ពីថ្ងៃទី១៤ ខែមករា តទៅរហូតដល់មានបទបញ្ជាថ្មី សម្រាប់ផែនការចូលឆ្នាំចិន វៀតណាម ផែនការសមប្រយុទ្ធនាគមាស ផែនការបុណ្យទន្លេ និងស្នើដល់ជំនាញព័ត៌មាននិងសន្តិសុខ ត្រូវរាយការណ៍ដល់ជំនាញនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រចាំ ជាពិសេសពាក់ព័ន្ធនិងព័ត៌មានសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីមានវិធានការណ៍ដោះស្រាយ។ លោក នាយសេនាធិការ ក៏បានរំលឹកផងដែរថា តម្លៃនៃសន្តិភាពដែលយើងមានសព្វថ្ងៃនេះ ជាសន្តិភាពដែលមិនងាយនិងរកបានដោយស្រួលៗនោះទេ ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិល បាននាំនូវសន្តិភាពពេញលេញទាំងស្រុងនៅកម្ពុជា បានប្រែក្លាយតំបន់ជំលោះ ជាតំបត់អភិវឌ្ឍ ហើយនយោបាយឈ្នះ ឈ្នះ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់នោះទេ ដែលអ្នកឈ្នះគឺជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ដូច្នេះទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពនេះឱ្យបាន៕





