អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងខិតខំជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច ក៏ដូចជាវិនិយោគ និងពាណិជ្ជកម្ម បន្តបង្កើន ឡើងថែមទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រមុខមេដឹកនាំនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ ក្រោមកិច្ចដឹកនាំផ្ទាល់ពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា និងឯកឧត្តម ម៉ូន ជេអ៊ីន ជាសហប្រធានដឹកនាំអង្គប្រជុំ ។
នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានអនុម័តទៅលើឯកសារមួយចំនួន គឺសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២ ស្តីពីការជម្រុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ អនុម័ត លើរបាយការណ៍ទី១ គឺរបាយការវឌ្ឍនភាពស្ដីពីការអនុវត្តន៍ផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្ដី ប្រកាសរួម ស្ដីពីភាពដៃគូយុទ្ធសាស្ត្រ ដើម្បីសន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ និងរបាយការណ៍វឌ្ឍនភាព ស្ដីពីការ អនុវត្តព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយទី៣ គឺរបាយការណ៍វឌ្ឍនភាពស្ដីពីគម្រោងកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ ។
ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិ បត្តិការ រវាងភាគីទាំង សង្ខាង ថ្វីត្បិតមានឥទ្ធិពលពីកូវីដ-19 ក្ដី ប៉ុន្តែសាធារណរដ្ឋកូរ៉េ នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្ម សំខាន់សម្រាប់អាស៊ាន ដែលនៅក្នុងឆ្នាំ២០២០ កន្លងមក សាធារណរដ្ឋកូរ៉េ ជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ ហើយជាប្រភព នៃវិនិយោគធំជាងគេទី៥ សម្រាប់អាស៊ាន ឧទាហរណ៍ថា ពាណិជ្ជកម្មទ្វេភាគីអាស៊ាន-កូរ៉េ ឡើងដល់ 150.2ប៊ីលានដុល្លារ ។
ទោះបីជាយ៉ាងណា ភាគីទាំងពីរ បានខិតខំជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច ក៏ដូចជាវិនិយោគ និងពាណិជ្ជកម្មនេះ បន្តបង្កើនឡើង ថែមទៀត ជាពិសេសនោះ គឺបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចពេញលេញ ភាពជាដៃគូយុទ្ធសាស្ត្រ ភាពជាដៃគូគ្រប់ ជ្រុងជ្រោយក្នុងតំបន់នេះ ធ្វើម៉េចឱ្យអនុវត្តឲ្យបាននៅឆ្នាំ២០២២ ខាងមុខនេះ ហើយភាគីទាំង២ ក៏ជំរុញបន្តបង្កើនទីផ្សារសេរី រវាងអាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ ហើយនៅថ្ងៃនេះ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏បានចុះហត្ថលេខាទ្វេភាគី ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះ ក៏មានហ្វីលីពីន-កូរ៉េផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ អាស៊ាន ថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយផ្ដល់នូវវ៉ាក់សាំង និងការគាំទ្រទៅដល់ការប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងជំងឺកូវីដ-19 នេះ ហើយកូរ៉េ នៅតែបន្តគាំទ្រដល់ការកសាងសង្គម អាស៊ាន សមាហរណកម្មអាស៊ាន ហើយជាពិសេសទៀតនោះ គឺការតភ្ជាប់អាស៊ាន រួមទាំងការកាត់បន្ថយគម្លាតក្នុងអាស៊ាន ពិសេសជួយដល់ការអនុវត្តន៍ផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ហើយនឹងការអនុវត្តន៍កន្លងមកនេះ នៅគំនិតផ្ដួច ផ្ដើមសមារណកម្មអាស៊ាន លើកទី៣ នឹងលើកទី៤ ។ លើសពីនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ បានស្វាគមន៍ នូវការបង្កើតយន្តការថ្មីកម្រិតថ្នាក់រដ្ឋមន្ត្រី ដែលប្រជុំថ្នាក់ រដ្ឋមន្ត្រីនេះ គឺដើម្បីជំរុញកិច្ចសហការទៅលើវិស័យការគ្រប់គ្រងគ្រោះ មហន្តរាយរវាងភាគីទាំងសងខាង ហើយសាធារណរដ្ឋកូរ៉េ ក៏នៅបន្តការគាំទ្រតួនាទីស្នូលរបស់អាស៊ាន និងការឯកភាពរបស់ អាស៊ាន ក្នុងយន្តការតំបន់ ដែលជាយន្តការបង្កើតឡើងដោយអាស៊ាននេះ ។
លើសពីនេះ ភាគីកូរ៉េ ក៏បានបញ្ជាក់ផងដែរថា ភាគីកូរ៉េ បានជំរុញការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងផងដែរ។ នៅក្នុងកិច្ចប្រជុំនេះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏បានផ្លាស់ប្ដូរមតិគ្នានៅក្នុងបញ្ហាតំបន់ ដូចជា សមុទ្រ ចិនខាងត្បូង និងឧបទ្វីបកូរ៉េជាដើម ៕ ដោយ វណ្ណលុក







