សមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីធ្វើសកម្មភាពកាច់សោកម៉ូតូនិច បានសម្រេចត្រូវម្ចាស់គេឃើញទាន់ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋចាប់ ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង ១២នឹង១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក មាស សារ៉ាត់ នាយរងប៉ុស្ដិ៍ទូលសង្កែទី១
បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋម៉ាកនិចបានសម្រេច រួចបំរុងជិះគេចខ្លួន តែត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោឡើងនាំគ្នាដេញព័ទ្ធចាប់បាន ខណៈនោះកម្លាំងសមត្ថកិច្ចល្បាតនៅក្នុងមូលដ្ឋានបានចុះទៅដល់ក៏នាំខ្លួនជនសង្ស័យទាំងយកមកសាកសួរបន្តនៅប៉ុស្ដិ៍ទួលសង្កែ១ ។

ជនសង្ស័យទី ១មានឈ្មោះ ឌិន ដូរ៉ា ប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ រីឯជនសង្ស័យទី២ មានឈ្មោះ កែវ សារ៉ាន់ណា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំផ្សាសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។ ហើយម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់កម៉ាកនិចពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ1I-6326 ជាម៉ូតូរបស់ជនរងគ្រោះ មានឈ្មោះ បញ្ញា រតនា ហៅសុផាន់ម៉ៃ ភេទស្រី អាយុ ២០ឆ្នាំមុខរបរជានិសិត្សឆ្នាំទី១ ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ កំពុងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕ធ.ដ