លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាបន្ថែម១០២លានដុល្លារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ថវិកាបន្ថែម ១០២លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងថា សហរដ្ឋអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក។

លោក ចូ បៃដិន បានប្រកាសដូច្នេះនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ តាមរយៈកិច្ចប្រជុំកំពូលតាមអនឡាញជាមួយក្រុមមេដឹកនាំអាស៊ាន ដែលនេះជាកិច្ចប្រជុំកំពូលលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះរវាងភាគីទាំងពីរ។ នៅក្នុងកិច្ចប្រជុំនោះដែរ លោក បៃដិន បានថ្លែងអះអាងថា អ្វីដែលសហរដ្ឋអាមេរិកកំពុងមានជាមួយអាស៊ាន គឺជាទំនាក់ទំនងមួយរឹងមាំ ហើយអាមេរិកមានការប្តេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន ដោយបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លោក បៃដិន បន្តថា ក្នុងរយៈពេលកន្លងមកនេះ អាមេរិកបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាង ៤០លានដូស និងជំនួយជាង ២០០លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថា ជាគោលដៅអាមេរិក នឹងចូលរួមចែករំលែកវ៉ាក់សាំងមួយពាន់លានដូស។

លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា អាស៊ានបានដើរតួនាទីស្នូលក្នុងតំបន់មិនត្រឹមតែសេដ្ឋកិច្ច និងទីផ្សារប៉ុណ្ណោះទេ តែក៏មានតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាមេរិកក្នុងតំបន់។ បន្ថែមលើនេះ លោក បៃដិន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា អាស៊ាននឹងចូលរួមជាមួយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner