លោក ដូណាល់ ត្រាំ យករឿងធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ ធ្វើជាប្រធានបទនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន
សហរដ្ឋអាម៉េរិក៖ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅទីក្រុង ថូឡេដូ រដ្ឋអូហៃយ៉ូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី០៩ ខែមករានេះ បានលើកយកការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី មកធ្វើជាប្រធានបទ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ។

លោក ដូណាល់ ត្រាំ បាននិយាយការពារការចេញបញ្ជារបស់លោកឲ្យធ្វើឃាតលោក សូឡៃមេនី ហើយច្រានចោទការរិះគន់ពីបក្សប្រជាធិបតេយ្យដែលថា លោកបានធ្វើលើសពីអំណាចខ្លួន តាមរយៈការបង្គាប់ឲ្យយោធាអាមេរិកប្រើយន្តហោះដ្រូនវាយប្រហារសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់រូបនេះ និងថានៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។

នាឱកាសនោះដែរ ប្រធានាធិបតីអាមេរិករូបនេះក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោក ក្នុងការបង្គាប់ឲ្យយោធាអាមេរិកប្រើយន្តហោះដ្រូនវាយប្រហារសម្លាប់មេទ័ពដឹកនាំកងអង្គភាពពិសេស Quds របស់យោធាអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី បានជួយសង្រ្គោះជីវិតពលរដ្ឋអាមេរិក ហើយវាគឺជារឿងយុត្តិធម៌បំផុត ៕ធ.ដ
