ឧបនាយករដ្ឋមន្ត្រីចិននឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិកសប្តាហ៍ក្រោយនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១

ចិន៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកនាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ជាមួយនឹងរដ្ឋាភិបាលអាម៉េរិក នេះបើតាមរដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃទី០៩ ខែមករានេះ ។

ប្រភពបានឱ្យដឹងថា ការចុះហត្ថលេខាខាងលើ នឹងក្លាយជាលទ្ធផលផ្លូវការដំបូងបំផុតនៅក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំទាំងពីរលើលោកនេះ សម្រេចបានដើម្បីបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមដំឡើងពន្ធ រាប់រយពាន់លានដុល្លារ ។ បើតាមមន្ត្រីអាមេរិក និងចិននោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ទំនិញកសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ ។

ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិនមានតម្លៃ១៦០ពាន់លានដុល្លារ ខណៈចិនវិញសន្យាទិញទំនិញកសិកម្មអាម៉េរិកបន្ថែមក្នុងតម្លៃ២០០ពាន់លានដុល្លារផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner