របាយការណ៍បង្ហាញថា សត្វជាង៨០០លានក្បាលងាប់ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់នៅក្នុងរដ្ឋ New South Wales របស់អូស្ត្រាលី
អូស្រ្តាលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សត្វជាង៨០០លានក្បាលបានងាប់ ដោយសារភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅរដ្ឋ New South Wales ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។

ភ្លើងឆេះព្រៃដ៏កំណាចនេះ បានបង្កការបំផ្លិចបំផ្លាញខ្លាំងនៅរដ្ឋ New South Wales ហើយវាក៏បានបណ្តាលឱ្យងាប់សត្វព្រៃជាច្រើនក្បាលនេះ នៅតំបន់ដីព្រៃ៥,២លានហិកតា ដែលត្រូវបានភ្លើងឆេះនៅទូទាំងរដ្ឋនេះ ។

ចំនួនសត្វងាប់នៅរដ្ឋNew South Wales នេះដែរ គឺរួមទាំងសត្វដែលងាប់ដោយអគ្គិភ័យ ការបាត់បង់ចំណីអាហារ និងទីជម្រក ឬពីការខាំសម្លាប់ដោយសត្វព្រៃធំដូចជាសត្វខ្លាជាដើម។ ក្រៅពីរដ្ឋ New South Wales គេមិនទាន់ដឹងថា មានសត្វប៉ុន្មានក្បាលបានងាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋ Victoria រដ្ឋQueensland រដ្ឋWestern Australia រដ្ឋSouth Australia និងរដ្ឋTasmania ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមករានេះ ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ នៅទូទាំងប្រទេសអូស្រ្តាលី បានកើនឡើងដល់២៦នាក់ និងការខាតបង់សេដ្ឋកិច្ចដោយសារវិបត្តិនេះ គិតជាទឹកប្រាក់អស់២០ពាន់លានដុល្លារអាម៉េរិក ៕ធ.ដ

