រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវឲ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គម

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ ជាប្រធាន និងមានសមាជិក ចំនួន៣៣នាក់ ចូលរួមផងដែរ។

ក្នុងឱកាសនោះ លោក ហ៊ុយ វណ្ណៈ បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង អំពីភាពរីកចម្រើនរបស់ ស.ស.ស.ក ក្នុងរយៈពេលមួយអាណត្តិកន្លងទៅ និងវឌ្ឍន៍ភាពថ្មីៗមួយចំនួនទៀតផងដែរ។ លោក ហ៊ុយ វណ្ណៈ បានស្នើសុំសម្ដេចក្រឡាហោម ស ខេង នូវសម្ភារការិយាល័យមួយចំនួន សម្រាប់បម្រើការងារឲ្យប្រចាំថ្ងៃ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានអរគុណដល់សហភាពសហព័ន្ធអ្នកសារព័ត៌មាន សម្រាប់កិច្ចខិតខំប្រឹងប្រែង និងបានឧបត្ថម្ភ សម្ភារការិយាល័យរួមមាន កុំព្យូទ័រ, ព្រីនធ័រ និងសម្ភារមួយចំនួនទៀត ដើម្បីបម្រើឲ្យការងារប្រចាំថ្ងៃ របស់ ស.ស.ស.ក ដែលគិតជាទឹកប្រាក់ ជិត៣ម៉ឺនដុល្លារ។ បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសន្យាបន្ដឧបត្ថម្ភ ថវិកាប្រចាំខែក្នុងមួយខែ ៥លានរៀល ដូចអាណត្តិកន្លងទៅផងដែរ។

សូមបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយ ការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយមានសមាជិកស្ថាបនិកដំបូង ២០រូប ទីប្រឹក្សា ១០រូប និងប្រធានគណៈកម្មការចំនួន ៩រូប សុទ្ធសឹងជាអ្នកដឹកនាំផ្នែកសារព័ត៌មាន។

លោក ហ៊ុយ វណ្ណៈ បានបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត ២០ លើ២០។ ពិធីបោះឆ្នោតនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្នុងសមាជលើកទី២ អាណត្តិថ្មី ដឹកនាំការងាររយៈពេល ៣ឆ្នាំ បន្តឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វារ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner