ប្រជាពលរដ្ឋ និងយុវជនខេត្តព្រះវិហារ ប្តេជ្ញាការពារសុខសន្តិភាព ការពាររាជបល្ល័ង្គ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបន្តពង្រឹង និងពង្រីកកេរ្តិ៍មរតករបស់ថ្ងៃ៧មករា ដែលជាមូលដ្ឋានគ្រឹះ និងដើម្បីភាពរុងរឿងរបស់កម្ពុជា !
ខេត្តព្រះវិហារ៖ ការប្តេជ្ញាចិត្តពីក្រុមយុវជន ប្រជាពលរដ្ឋ និងមន្ត្រីខេត្តព្រះវិហារនោះ គឺបានធ្វើឡើងក្នុងមីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ៧មករា « ៧មករា១៩៧៩-៧មករា២០២០ » នាថ្ងៃទី៩មករាឆ្នាំ២០២០នេះ នៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្តព្រះវិហារ។

នៅក្នុងមីទ្ទីងខួប៤១ឆ្នាំ ទិវាជ័យជំនះ៧មករា នាថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះវិហារ លោក មាស សុភា ក្រោមការស្វាគមន៍ពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ក្រុមការងារថ្នាក់ជាតិ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សកាយរិទ្ធ កាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋ ប្រមាណ ២ពាន់ ៤០០នាក់។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេស និងក្រៅប្រទេស បានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃជ័យជំនះ ជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ទូទាំងប្រទេស ជាថ្ងៃដែលបានបើកឡើង នូវទំព័រសករាជថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន:ភាពសង្គម។ ហើយប្រជាជនកម្ពុជា ទូទាំងប្រទេស នៅតែចងចាំមិនភ្លេច នៃទិវាជ័យជំនះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃដែលបានសង្គ្រោះជាតិឲ្យរស់ឡើងវិញ ហើយបានឋិតឋេរគង់វង្ស និងរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។

លោកបន្តថា រយះពេល៤១ឆ្នាំកន្លងទៅ ផ្តើមចេញពីជ័យជំនះ៧មករា ដោយមានការចូលរួមពីទ្រទ្រង់ ពីព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ រដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងកសាងប្រទេសជាតិឡើងវិញ ពីគំនរផេះផង់ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ការបែកបាក់ជាតិ ការបែងចែកទឹកដី និងរបបវាលពិឃាតប្រល័យពូជសាសន៍ ដោយឆ្លងកាត់ឧបសគ្គ និងការលំបាកនានា ដោយឥតគណនា រហូតធ្វើឲ្យប្រទេសជាតិ មានការឯកភាពជាតិ ឯកភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ធ្វើឲ្យសំរេចបាន នូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។

លោក ប្រាក់ សុវណ្ណ មានប្រសាសន៍ទៀតថា រាល់សមិទ្ធផលដែលយើងសំរេចបានទាំងអស់នេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយបានត្រឹមត្រូវ មានការលះបង់ខ្ពស់របស់យុទ្ធជន យុទ្ធនារី មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន មានការចូលរួមពីសំណាក់ប្រជាជនទូទាំងប្រទេស ដោយឆន្ទៈមោះមុត។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ខ្ជាប់ដោយឥតងាករេ នូវឧត្តមគតិ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន គឺរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងបុព្វហេតុការពារប្រទេសជាតិ ឲ្យស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដីដ៏ពេញលេញ ការកសាងប្រទេសជាតិឲ្យជឿនលឿន មានវឌ្ឍនៈភាពខ្លាំងក្លា មាស្មារតីសាមគ្គីភាពរឹងមាំ មានការគោរពសិទ្ធិមនុស្ស តម្លៃសីលធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម សិទ្ធិសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា នៅក្នុងរយះពេល៤១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រជាច្រើន រួមមាន៖ ការទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនឲ្យវិលត្រឡប់មកវិញ ហើយកម្ពុជាដណ្តើមបានមកវិញ នូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។

ប្រជាជនកម្ពុជា បានទទួលមកវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេស សិទ្ធិរស់រានមានជីវិត និងបានក្លាយជាម្ចាស់ លើជោគវាសនាប្រទេសជាតិខ្លួនឯងយ៉ាងពិតប្រាកដ ព្រមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការការពារ ការស្តារ និងកសាងជាតិលើគ្រប់វិស័យ ដោយឈរលើការប្រកាន់ខ្ជាប់ នូវគោលការណ៍ជាសកល នៃការគោរពសិទ្ធិមនុស្ស និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបង្ហាញយ៉ាងច្បាស់តាមរយៈការបោះឆ្នោត ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។

លោកទេសរដ្ឋមន្ត្រីបន្តថា នៅក្រោយថ្ងៃរំដោះ ៧មករា១៩៧៩នោះមក រដ្ឋអំណាច នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការអនុវត្ត មាគ៌ាមហាសាមគ្គីជាតិ ដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុង បង្រួបបង្រួមខ្មែរពីគ្រប់និន្នាការនយោបាយ រួមគ្នាបង្កើតសន្តិភាពឡើងវិញ តាមរយៈគោលនយោបាយ ប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយ បង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយឈរលើមូលដ្ឋាន នៃជំនួបចរចា ដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្ត នូវដំណើរការចរចាច្រើនលើក ឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។

លោកថា កម្ពុជាបានរៀបចំការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជា ប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។

ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិ ទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាល បាននាំមក នូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុត ដែលពុំធ្លាប់មាន ដល់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិ។

យុវជនខេត្តព្រះវិហារ បានប្តេជ្ញាថា នឹងការពារសុខសន្តិភាព ដែលជាមូលរដ្ឋានគ្រឹះសម្រាប់កម្ពុជា មិនឲ្យនរណាម្នាក់បំផ្លាញបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឲ្យនរណារំលោភបំពានបានជាដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន មិនឲ្យនរណាយាយីបានជាដាច់ខាត និងប្តេជ្ញា បន្តពង្រឹងពង្រីកកេរ្តិ៍មរតករបស់ថ្ងៃ៧មករា ដើម្បីភាពរុងរឿង និងថ្កើងថ្កានរបស់កម្ពុ
ជា ជារៀងរហូត ប្តេជ្ញាចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ប្រកបដោយឆន្ទៈមុតស្រួច និងស្រុះដៃគ្នាប្រកបដោយប្រសិទ្ធភាព និងប្តេជ្ញាចូលរួមបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នាអាណត្តិជាបន្តបន្ទាប់ទៀត៕ធ.ដ
ដោយ៖ឡុង សំបូរ


