អតីតប្រេសិតពិសេសអាមេរិកទទួលបន្ទុកនៅអាហ្វហ្កានីស្ថាន លោក Zalmy Khalizad បាននិយាយថា រដ្ឋបាលលោក Joe Biden គួរតែបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់
អតីតប្រេសិតពិសេសអាមេរិកទទួលបន្ទុកនៅអាហ្វហ្កានីស្ថាន លោក Zalmy Khalizad បាននិយាយថា រដ្ឋបាលលោក Joe Biden គួរតែបង្កើតទំនាក់ទំនងជាមួយក្រុមតាលីបង់ ដើម្បីជួយសម្រួលវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅក្នុងអាហ្វហ្កានីស្ថានបច្ចុប្បន្ន។
លោក Khalizad ដែលជាអ្នកចរចាកិច្ចព្រមព្រៀងដកទ័ពអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន បានការពារកិច្ចព្រមព្រៀង និងថ្នាក់ដឹកនាំក្រុមតាលីបង់ ហើយបានស្ដីបន្ទោសអតីតប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani ចំពោះការបរាជ័យក្នុងការចរចាសន្តិភាព និងការដួលរលំនៃក្រុងកាប៊ុល។
ប្រសិនបើបណ្ដោយឱ្យរដ្ឋាភិបាលតាលីបង់ដួលរលំ នោះវិបត្តិមនុស្សធម៌ដ៏ធំនឹងផ្ទុះឡើង ដែលនឹងអាចបង្កឱ្យពលរដ្ឋអាហ្វហ្កានីស្ថានរាប់លាននាក់ធ្វើចំណាកស្រុក បង្កអស្ថិរភាពក្នុងតំបន់ និងបង្កើត “កន្លែងសម្រាប់អំពើភេរវកម្ម”។
ក្រុមតាលីបង់ចង់បាន “ទំនាក់ទំនងធម្មតា” ជាមួយអាមេរិក ហើយចង់ឱ្យអាមេរិកបើកស្ថានទូតនៅក្រុងកាប៊ុលឡើងវិញ ព្រមទាំងដកទណ្ឌកម្មហិរញ្ញវត្ថុ និងផ្ដល់ជំនួយសេដ្ឋកិច្ច។

ប្រភព៖ Aljazeera