ភាពតានតឹងរវាងចិន និងអាមេរិកជុំវិញកោះតៃវ៉ាន់បានកើនឡើងម្ដងទៀត ក្រោយមន្ត្រីការទូតកំពូលអាមេរិកលោក Blinken ទទូចឱ្យសមាជិក UN គាំទ្រកោះនេះក្នុងចូលរួមក្នុងអង្គការ និងស្ថាប័នអន្តរជាតិ

អត្ថបទដោយ៖
AMS OneMinute

លោក Blinken ថាការអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិ គឺស្របទៅនឹងទស្សនៈអាមេរិកជុំវិញគោលការណ៍ចិនតែមួយ ហើយថាការបដិសេធមិនឱ្យតៃវ៉ាន់ចូលរួម ធ្វើឱ្យខូចខាតដល់ការងារសំខាន់ៗរបស់ UN និងស្ថាប័ននានា។

អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា អាមេរិកបានបន្តធ្វើខុសទាំងពាក្យសម្ដី និងទង្វើលើបញ្ហាតៃវ៉ាន់ ហើយចិនបានធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ បើអាមេរិកនៅបន្តលេងបែបនេះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក។

ចិននឹងដាច់ខាតមិនទទួលយកការអំពាវនាវរបស់អាមេរិកទេ ហើយចាត់ទុកទង្វើអាមេរិកជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ក្រោមរដ្ឋបាលបក្សជាតិនិយម Kuomintang របស់លោកប្រធានាធិបតី Ma Ying-jeou ដែលគាំទ្រគោលការណ៍ចិនតែមួយ កោះតៃវ៉ាន់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងក្នុងសហគមន៍អន្តរជាតិ ដោយកាលនោះតៃវ៉ាន់មានអាសនៈជាអ្នកសង្កេតការណ៍ក្នុងអង្គការសុខភាពពិភពលោក។

ប៉ុន្តែក្រោមរដ្ឋបាលបក្សប្រជាធិបតេយ្យរីកចម្រើនរបស់តៃវ៉ាន់ ដែលដឹកនាំដោយលោកស្រីប្រធានាធិបតី Tsai Ing-wen ដែលមិនទទួលស្គាល់គោលការណ៍ចិនតែមួយ ហើយមាននិន្នាការលម្អៀងទៅរកចលនាឯករាជ្យនិយម ទំនាក់ទំនងចិនដីគោក និងតៃវ៉ាន់ បានធ្លាក់ចុះយ៉ាងខ្លាំង។

ការណ៍នេះបានធ្វើឱ្យក្រុងប៉េកាំងបន្ថែមសម្ពាធយោធា សេដ្ឋកិច្ច និងការទូតទៅលើក្រុងតៃប៉ិ ដែលរួមមានការរារាំងមិនឱ្យតៃវ៉ាន់ចូលរួមក្នុងស្ថាប័នអន្តរជាតិសំខាន់ៗ និងការធ្វើប្រតិបត្តិការកងទ័ពអាកាសហោះចូលដែនអាកាសតៃវ៉ាន់។

ប្រភព៖ SCMP

ads banner