នាយករដ្ឋមន្រ្តីកាណាដាសន្យាស្វែករកការពិត ក្រោយជនជាតិខ្លួន៦៣នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់
កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី៨ ខែមករានេះ បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងស្វែងរកចម្លើយឱ្យឃើញ អំពីមូលហេតុដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែនធ្លាក់ និងបានសម្លាប់ជនជាតិកាណាដាចំនួន៦៣នាក់ បន្ទាប់ពីហោះចេញពីរដ្ឋធានីតេហេរ៉ង់តែប៉ុន្មាននាទីប៉ុណ្ណោះ ។

នាយករដ្ឋមន្រ្តីកាណាដារូបនេះបានគូសបញ្ជាក់ទៀតថា នៅលើយន្តហោះអ៊ុយក្រែនខាងលើនេះ ក្នុងនោះរួមមាននិស្សិតអន្តរជាតិជាច្រើន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកាណាដា និងថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើកិច្ចការនេះជាមួយដៃគូអន្តរជាតិរបស់ខ្លួន ។ យ៉ាងណាមិញ ការទទួលបានចម្លើយពីអ៊ីរ៉ង់អំពីករណីនេះ អាចនឹងមានការពិបាក ដ្បិតកាណាដាបានបិទស្ថានទូតរបស់ខ្លួននៅអ៊ីរ៉ង់ និង បានផ្អាកទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់តាំងពីឆ្នាំ២០១២ ។

គួរបញ្ជាក់ផងដែរថា អ្នកដំណើរ និង អាកាសយាននិកទាំងអស់សរុប១៧៦នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ប៊ូអ៊ីង 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី នៅជាយរដ្ឋធានីតេហេរ៉ង់ ក្នុងនោះមានទាំងជនជាតិអ៊ីរ៉ង់ កាណាដា អ៊ុយក្រែន ស៊ុយអែត អាហ្វហ្គានីស្ថាន អាល្លឺម៉ង់ និងអង់គ្លេស ៕ធ.ដ

