ឯកឧត្តម គុណ ញឹម បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែ សិក្សាលទ្ធភាព រកវិធីលើកទឹកចិត្ដឲ្យមានការប្រើប្រាស់ រថយន្ដថ្មីកាន់ តែច្រើន
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម គុណ ញឹម ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្ត ការប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធដែលមានស្រាប់ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែសិក្សាលទ្ធភាព រកវិធីធ្វើយ៉ាងណាលើកទឹកចិត្ដ ឲ្យប្រើប្រាស់រថយន្ដថ្មីកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កំពុងតែសិក្សាលទ្ធភាព និងលើកទឹកចិត្ដឲ្យអ្នកប្រើប្រាស់រថយន្ដ រកវិធីធ្វើយ៉ាងណាឲ្យប្រើប្រាស់រថយន្ដថ្មីៗ ហើយក៏មិនលើកទឹកចិត្ដ ឲ្យប្រើប្រាស់រថយន្ដប្រើរួច (រថយន្ដមួយទឹក) តទៅមុខទៀត»។
ឯកឧត្តម គុណ ញឹម បានឲ្យដឹងថា រថយន្ដចាស់ៗ មានការដាក់បន្ទុកបន្ថែម ដោយប្រើកត្ដាតម្លៃគិតពន្ធ ដោយរថយន្ដកាន់តែចាស់ តម្លៃគិតពន្ធកាន់តែខ្ពស់។ ធ្វើបែបនេះ ដើម្បីឲ្យទីផ្សារចាស់ៗកាន់តែរួមទៅៗ ហើយឲ្យរថយន្ដថ្មីៗមកជំនួសមកវិញ។ ការអនុញ្ញាតឲ្យរថយន្ដប្រើរួច (រថយន្ដមួយទឹក) ចូលមកប្រទេសកម្ពុជា គឺមានតាំងពីយូរមកហើយ។ មិនមែនតែរថយន្ដទេ ដែលកម្ពុជាអនុញ្ញាតបើកឲ្យនាំចូល គឺមានរបស់របរជាច្រើនទៀត ដែលប្រើប្រាស់រួចដែលកម្ពុជាបើកឲ្យនាំចូល។
ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងរថយន្ដប្រើរួច យើងក៏គិតគូរដែរ មិនមែនថាមិនគិតគូរទេ ព្រោះថាដល់ពេលវេលាមួយ ដែលត្រូវគិតគូរ ពីបរិស្ថាន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់»។ រថយន្ដថ្មីៗឥលូវនេះ មានការវាយលុកទីផ្សារ បានច្រើនជាងមុន ខណៈដែលរថយន្ដចាស់ៗ កាន់តែថយទៅៗបន្ដិចម្ដងៗ។ ទោះជាយ៉ាងនេះក្តី លោក គុញ ញឹម បញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានគោលការណ៍ ហាមឃាត់ការនាំចូលរថយន្ដប្រើប្រាស់រួចនោះទេ៕ ដោយ / គ្រី សម្បត្តិ