ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គេហទំព័រ KhmerSME ”
ភ្នំពេញ:ការដាក់ឱ្យដំណើរការ ជាផ្លូវការនូវ “គេហទំព័រ KhmerSME” ដែលស្ថិតក្រោមគម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ អាល្លឺម៉ង់អ GIZ ស្តីពីការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច និងមធ្យម។ “គេហទំព័រ KhmerSME” គឺជា ថ្នាលព័ត៌
មានឌីជីថល (Digital Information Platform) ដែលផ្តល់ឱកាសឲ្យសហគ្រាស ធុនមីក្រូ តូច និងមធ្យមទាំងអស់ ទទួលបាននូវព័ត៌មាន នៅនឹងកន្លែង ដូចជា ផ្នែកច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិ ការបណ្តុះបណ្តាលបច្ចេ
កទេស ការផ្ទេរ បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ហិរញ្ញប្បទាន ទីផ្សារ ការចាប់ផ្តើមអាជីវកម្មថ្មី ការលើកទឹកចិត្ត សម្រាប់ការធ្វើធុរកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការប្រកួតប្រជែងមានលក្ខណៈជាយុទ្ធសាស្ត្រ និងប្រកប
ដោយបរិយាប័ន្ន។ ក្រោមជំនួយឧបត្ថម្ភរបស់ រដ្ឋាភិបាលអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ អាល្លឺម៉ង់ GIZ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបាននូវសមិទ្ធិផលដ៏ថ្លៃថ្លានេះ ដែលជាថ្នាលព័ត៌មានពេញលេញ និងជាកន្លែងផ្តួចផ្តើមគំនិត ធុរកិច្ចដ៏មានប្រសិទ្ធភាព សម្រាប់សហគ្រា-
ស ធុនមីក្រូ តូច និងមធ្យម ដើម្បីកសាង និងពង្រឹងសមត្ថភាពខ្លួន រួមទាំងពង្រីកវិមាត្រធុរកិច្ច ពីធុនមីក្រូ ទៅធុនតូច តាមលំដាប់លំដោយ នៅក្នុងកិច្ចប្រតិបត្តិការ ផលិតកម្ម អាជីវកម្ម និងសេវាកម្ម និងសំដៅជំរុញការប្រកួតប្រ-
ជែងប្រកបដោយស័ក្តិសិទ្ធភាព។
នេះជាប្រសាសន៏លើកឡើងរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនូវ “ គេហទំព័រ KhmerSME ” ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារ Raffles Hotel Le Royal “តាមរយៈប្រព័ន្ធពាក់កណ្តាលអនឡាញ” ។ ក្នុងឱកាសនោះក៍មានវត្តមាន ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា៖រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តខ្ពស់ ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព ពិសេស ក្នុងដំណា-
ក់កាល នៃការរីករាលដាលជម្ងឺ កូវីដ-១៩ ដែលបង្កវិនាសកម្មដ៏អាក្រក់ ដល់ជីវិតមនុស្សជាតិ និងសេដ្ឋកិច្ច។ ផ្អែកលើបរិការណ៍នេះ រាជរដ្ឋាភិបាល បានលើកកម្ពស់សហគ្រាសក្នុងស្រុក គឺសហគ្រាសធុនតូច និងមធ្យម ជាវិស័យអាទិភាព ដែលមានលទ្ធភាព ជួយស្តារស្ថានភាពសេដ្ឋកិច្ចជាតិ ឲ្យមានភាពប្រសើរឡើងវិញ ដោយបានកំណត់នូវមុខផលិតផលមួយចំនួន ជាទំនិញយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវ របស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។ តាមរយៈនេះ ផលិតផលទាំងអស់ ទាមទារចាំបាច់ត្រូវមានគុណភាព និងសុវត្ថិភាព ដល់អ្នកប្រើប្រាស់ ដូចនេះ “គេហទំព័រ KhmerSME” ដែលជា ថ្នាលព័ត៌មានឌីជីថល (Digital Information Platform) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការទាញយកព័ត៌មានចាំបាច់និងសំខាន់ៗ តាមតម្រូវការ ដើម្បីអភិវឌ្ឍន៍ផលិតផល ឲ្យមានគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារកម្ពុជា។
ជាមួយគ្នានេះ ការដាក់ឱ្យដំណើរការនូវ “គេហទំព័រ KhmerSME”នេះ គឺមានលក្ខណៈស្រប និងគាំទ្រដល់
ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដូចជា យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២២-២០២៦ ផែនទីបង្ហា-
ញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ និងផែនទីបង្ហាញផ្លូវ សេដ្ឋកិច្ច ឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិកជាដើម ដែលមានគោលដៅ បន្ត និងពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើធុរកិច្ច ការលើកកម្ពស់ ផលិតភាព គំនិតច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យាសកល និងក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ដើម្បីចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ទន្ទឹមនេះ តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម មានកំណើនល្អ រីឯវិស័យសេវាកម្ម រងផលប៉ះពាល់ខ្លាំង ពិសេស ផ្នែកទេសចរណ៍ ទាំងក្នុងនិងក្រៅប្រទេស។ ការព្យាករកំណើនសេដ្ឋកិច្ចជាតិ នៅឆ្នាំ២០២២ គឺនឹងឡើងដល់ ៤.៨% តាមរយៈការដាក់ឲ្យដំ-ណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម ដូចជា ផលិតកម្ម អាជីវកម្ម សាលារៀន សេវាកម្មទេសចរណ៍ ដោយស្នើឲ្យប្រជាពលរដ្ឋ មានការចូលអនុវត្តន៍គោលការណ៍សុខាភិបាល ឲ្យបានត្រឹមត្រូ វនិងហ្មត់ចត់បំផុត ដែលគិតដល់ត្រឹមថ្ងៃទី២៧តុលា គឺអាត្រានៃការចាក់វ៉ាក់សាំងឡើងដល់ ៨៥.៥៥% នៃចំនួនប្រជាពលរដ្ឋ ១៦លាននាក់ (កុមារអាយុចាប់ពី ៦-១១ឆ្នាំ ស្មើ ១០០.៨៣% នៃចំនួន ១.៨៩៧.៣៨២នាក់, យុវជន អាយុ១២-១៧ឆ្នាំ ស្មើនឹង៩០.៧៨% នៃចំនួន១.៩៦៦.៩៣១នាក់ និង មនុស្សចាស់អាយុពី១៨ឆ្នាំ ឡើងទៅ ស្មើ ៩៩.៩០% នៃចំនួន ១០លាននាក់ រួមទាំងការដាក់ចេញនូវ វិធានមុតស្រួចបន្ថែមទៀតផងដែរ ដូចជា៖ ការបើកឲ្យដំណើរការហោះហើរ ជាមួយប្រទេសថៃ ដែលមានជើងហោះហើរ ចំនួន ៤៦ប្រទេស ក្នុងនោះមានកម្ពុជាផងដែរ ដោយអនុវត្តន៍គោលការណ៍បដិការ និងជើងហោះហើរពីប្រទេសដទៃទៀត ដើម្បីចាប់យកឱកាសដ៏ល្អនេះ ក្នុងការទទួលយកភ្ញៀវទេសចរណ៍បរទេស ទេសចរណ៍សុវត្ថិភាព ឬទេសចរណ៍វ៉ាក់សាំង ម្ចាស់ការធ្វើតេស្ត និងព្យាបាល ជម្ងឺមានអាការៈស្រាល ជាដើម ដើម្បីគ្រប់គ្រងស្ថានភាពកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តម ចម ប្រសិទ្ធ បញ្ជាក់បន្ថែមជូនអង្គពិធីទាំងមូលថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តជំរុញដំណើរការកសាងប្រព័ន្ធអេកូឡូស៊ីថ្នាលបណ្តុះអាជីវកម្មបច្ចេកទេស (Business Technology Incubation) និងកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម (Business Acceleration) នៅកម្ពុជាឱ្យមានវិសាលភាពទូលំទូលាយ។ បន្ទាប់ពីបានតភ្ជាប់ប្រព័ន្ធ SME Online Registration ទៅនឹងប្រព័ន្ធថ្នាលបច្ចេកវិទ្យា CamDX រួចមក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដា-
ក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធនេះ សម្រាប់ឲ្យសហគ្រាសធ្វើការចុះបញ្ជី តាមប្រព័ន្ធអនឡាញទាំងអស់។
សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ កំណើនសេដ្ឋ
កិច្ច និងសង្គម តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឲ្យអស់លទ្ធភាព នៃសក្តានុពលធនធានក្នុងស្រុក និងការទទួលយកនូវការផ្ទេរបច្ចេកវិទ្យា។ ជាក់ស្តែង កាលពីខែកក្កដាកន្លងទៅ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីអបអរសាទរ ទិវាសហ-គ្រាសធុនមីក្រូ តូច និងមធ្យម ដែលកម្ពុជាប្រារព្ធជាលើកដំបូង ក្នុងឆ្នាំ២០២១ និងបានចូលរួមជាមួយគណៈកម្ម-ការ សម្របសម្រួលសហគ្រាសធុនតូច និងមធ្យម អាស៊ាន (ACCSME) ដាក់ឱ្យដំណើរការជាផ្លូវការ គេហទំព័រព័ត៌មានអាជីវកម្ម ក្នុងតំបន់អាស៊ាន មានឈ្មោះថា ASEAN Access។ ខណៈពេលនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ “ គេហទំព័រ Khmer
SME” នាពេលដ៏ខ្លីខាងមុខនេះដែរ ៕ ដោយ/ វ៉េង លឹមហួត