ឯកឧត្តម ចាយ បូរិន ចុះពង្រឹងសមាជិកបក្ស នៃការចុះឈ្មោះបោះឆ្នោត និង ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងក្របខ័ណ្ឌស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ គណអចិន្រ្តៃយ៍គណកម្មាធិការគណបក្សស្រុក ប្រធានគណកម្មាធិការគណបក្សឃុំ ទាំង០៧ និងប្រធានសាខាគណបក្សភូមិ មានចំនួន ៨៤ នាក់ ដើម្បីពង្រឹងការគ្រប់គ្រងសមាជិកបក្ស ក្នុងការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងក្របខ័ណ្ឌស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដោយរលូន ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៏លើកឡើងពីនីតិវិធីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹងកាលបរិច្ឆេទដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព យុត្តិធម៌នាពេលខាងមុខនេះ ។
ឯកឧត្តម បានបន្តថា ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គឺគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយតម្រូវ និងជម្រុញអោយប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង និងអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។
ឯកឧត្តម ក៏បានសំណូមពរដល់គណៈពង្រឹងគណបក្ស នៅតាមមូលដ្ឋាន ភ្នាក់ងារគណបក្ស សកម្មជនបក្ស និងក្រុមការងារទាំងអស់ ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះទៅជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងតាមមូលដ្ឋានផ្ទាល់ កាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម ចាយ បូរិនបានបញ្ជាក់ថា តាមប្រតិទិនរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ៥០ថ្ងៃ ហើយរយះពេល១៥ថ្ងៃគឺត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃដូច្នេះ៥០ថ្ងៃគឺសំរាក់ ៣ថ្ងៃ គឺថ្ងៃ ទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ហើយក្នុងពេលសំរាក់ម្តងៗ ប្រធានគណកម្មាធិការគណបក្សឃុំ និងប្រធានសាខាគណបក្សភូមិត្រូវត្រួតពិនិត្យមើលលទ្ធផលនិងវាយតម្លៃការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្សនៅតាមមូលដ្ឋានរបស់ខ្លួនអោយកាន់តែល្អប្រសើ ថែមទៀត។
បន្ទាប់មកឯកឧត្តម ចាយ បូរិន ក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត នៅឃុំសេដា ស្រុកតំបែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជា បោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលខាងមុខ តាមឆន្ទៈ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀត៕