រថយន្ត ២គ្រឿងឆេះខ្ទេច ,មនុស្សម្នាក់រលាករបួសធ្ងន់ ខណៈ រថយន្ត ស៊ីទែនបូមផ្ទេរប្រេងរួចថយក្រោយកិនធុងហ្គាសបង្កផ្កាភ្លើងបណ្តាលឆេះ
បន្ទាយមានជ័យ៖ អគ្គីភ័យនោះកើតឡើងនៅវេលាម៉ោង ៧.និង៣០នាទីព្រឹក ថ្ងៃ២៩ ខែតុលា ឆ្នាំ២០២១ នៅស្ថានីយ៍ប្រេងឥន្ទន: ជា លី ផ្លូវជាតិលេខ៥ ចំណុចខាងលិចផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចចម្រុះ និងកម្មករឲ្យដឹងថា ម្ចាស់ស្ថានីយ៍ប្រេងឥន្ទន:នោះមានឈ្មោះ លោក ជា លី ភេទប្រុសអាយុ ៦៨ឆ្នាំ ប្រពន្ធឈ្មោះ លឹម ប៊ុនលី អាយុ ៦៣ឆ្នាំ រស់នៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុម្ចាស់ឈ្មោះ ជា លី បានបូមផ្ទេរប្រេងពីរថយន្តស៊ីទែន ដាក់រថយន្តតូច ។ ក្រោយពីបូមរួចហើយ ក៏ឡើងបើករថយន្តថយក្រោយ តែចៃដន្យ ក៏បានជាន់ធុងហ្គាសនៅក្រោយ ផ្ទុះបែកធ្លាយបង្កឲ្យកើតជាផ្កាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងលាយអណ្តាតភ្លើងខ្មួលខ្មាញ់ ពោលគឺបានឆេះរថយន្តទាំង ២គ្រឿងនោះ ។ ប៉ុន្តែក្នុងប្រតិបត្តិការជួយសង្គ្រោះ ពន្លត់នោះ គេសង្កេតឃើញមានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាល និងមន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណ សង្កាត់អូរអំបិល និងកម្លាំងជិត ១០០នាក់ព្រមទាំងមធ្យោបាយពន្លត់អគ្គីភ័យសង្គ្រោះជាច្រើន ។ ក្រុមអន្តរាគមន៍ជួយពន្លត់បាញ់ទឹកយ៉ាងសស្រាក់សស្រាក់ កន្លះម៉ោងក្រោយមកភ្លើងបានរលត់ ។
ការខូចខាតរួមមាន រថយន្តតូច ១គ្រឿង និង រថយន្តសុីទែន ១គ្រឿង អ្នកបើករថយន្ត និងជា ម្ចាស់ការ៉ាស ឈ្មោះ ជា លី បានដួលបោកក្បាល និងរលាករងរបួសធ្ងន់ និងខូចខាតទ្រព្យសប្បត្តិមួយចំនួន ៕ ដោយ ៖ ឃិន គន្ធា