ស្ត្រីម្នាក់ បើករថយន្តមួយគ្រឿង បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ
ស្ត្រីម្នាក់ បើករថយន្តមួយគ្រឿង បុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក masda មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6716 បើកបរដោយស្ត្រីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាកអស់១កង់ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើការវាស់វែងយករថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត


