ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង ៣០០០ក្បាលក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង ៣ ០០០ក្បាលក្នុងតំបន់ ការពារធម្មជាតិរបស់កម្ពុជាដោយសារតែកត្តាអំណោយផលកម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាម ច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។
រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ឱ្យដឹងក្នុងរឿងនេះថា យោងតាមការសិក្សាស្វាព្រាមមាន ចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០ភាគរយ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា វត្ដមានស្វាព្រាមនេះភាគច្រើនមាននៅភាគខាងកើតនៃប្រទេស កម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ពួកវាចូលចិត្ដរស់នៅតាមតំបន់ទន្លេ និងព្រែក ដូចជាទន្លេសេកុង និងស្រែពកជាដើម។ មុខងារមួយក្នុងចំណោមមុខងារផ្សេងៗរបស់ស្វាព្រាមនេះគឺវាជាសត្វស៊ីផ្លែឈើ ស្លឹកឈើ។ ដូច្នេះវាគឺជាភ្នាក់ងារមួយ ក្នុងការនាំគ្រាប់ពូជរុក្ខជាតិពី មួយកន្លែងទៅមួយ កន្លែងពីតំបន់មួយ ទៅតំបន់មួយដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។
គួរបញ្ជាក់ថាជាការកត់សម្គាល់ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅ ផ្នែកច្រមុះនិងមាត់មានពណ៌ សប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។រោមក្បាលដុះវែង កញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃនិងប្រអប់ជើង ពណ៌ខ្មៅនិងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។នៅពេលពេញវ័យវាប្រែពណ៌រោមប្រផេះដែលដុះលាតសន្ធឹង រាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្ដើមក្រោមអាយុបី ខែ។
ស្វាព្រាមនេះមានពណ៌ប្លែកគ្នាជាច្រើន អាស្រ័យតាមតំបន់ដែលវារស់នៅ ដូចជាតំបន់ក្បែរមាត់ទន្លេ ឬស្ទឹង តំបន់វាលភក់ តំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner