អ្នកនាំពាក្យ គ.ជ.ប៖គណបក្សចំនួន៧ បានដាក់ភ្នាក់ងារជិត៥ពាន់នាក់ និងអ្នកសង្កេតការណ៍ជាង៣ពាន់នាក់
ភ្នំពេញៈឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែតុលានេះថា សម្រាប់គណបក្សនយោបាយដែលបានចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺមានគណបក្សចំនួន៧ បានដាក់ភ្នាក់ងារសរុបមានចំនួន៤.៨៦៦នាក់។
អ្នកនាំពាក្យ គ.ជ.ប បានបន្តថា គណបក្សនយោបាយចំនួន៧ ដែលបានដាក់ភ្នាក់ងារសង្កេតការណ៍មានដូចជា ១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សខ្មែររួបរួមជាតិ ៣.គណបក្សខ្មែរស្រឡាញ់ជាតិ ៤.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៥.គណបក្សខ្មែរតែមួយ ៦.គណបក្សយុវជនកម្ពុជា និង៧.គណបក្សហ្វ៊ុនស៊ិនប៉ិច។

ឯកឧត្តម សោម សូរីដា
ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍បន្តថា អ្នកសង្កេតការណ៍ជាតិមកពី១២ស្ថាប័ន អង្គការ សមាគម បានដាក់អ្នកសង្កេតការណ៍សរុបចំនួន៣៣៨៩នាក់ ក្នុងនោះក៏មានអ្នកសារព័ត៌មានចំនួន៩៤រូប មកពី ១២អង្គភាពសារព័ត៌មាន បានចូលរួមពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
សូមជម្រាបថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕
ដោយៈពលជ័យ