រថយន្តកាមរីបាឡែនបើកបុកទ្រូងផ្លូវបាក់អស់២កង់ និងដាច់កាឡែកង់មុខខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ បើករថយន្តកាមរីបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់២កង់ និងរងការខូចខាតយ៉ាងដំណំ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AL-2281 បើកបរដោយបុរសម្នាក់ជាជនជាតិកូរ៉េ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតស្រាប់តែរេចង្កូតមកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់២កង់ ឯរថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងខូចខាតយ៉ាងដំណំ តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ធ.ដ
