ប្រមុខការទូតចិន និងរុស្ស៊ីសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរនៃសម្ពន្ធភាព AUKUS
រ៉ូម៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានជួបប្រជុំគ្នានៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) ដោយប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគី និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសម្ពន្ធភាព AUKUS ដែលជាដៃគូសន្តិសុខក្នុងចំណោមប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។
លោក វ៉ាង ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីតាលី និងចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 បានសាទរថា ចិន និងរុស្ស៊ីបានជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្រោមការណែនាំរបស់ប្រមុខរដ្ឋទាំងពីរ។លោកបានអំពាវនាវឱ្យភាគីទាំងពីររៀបចំសម្រាប់ទំនាក់ទំនងកម្រិតខ្ពស់ នៃដំណាក់កាលបន្ទាប់ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើន។ លោក វ៉ាង បានអំពាវនាវឱ្យកាន់បដានៃពហុភាគីនិយម ដោយប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវ ខណៈទីក្រុងប៉េកាំងប្រឆាំងនឹងគោលនយោបាយ “រង្វង់តូច” លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ” “សង្រ្គាមត្រជាក់ថ្មី” និងវិធីបោកប្រាស់ផ្សេងទៀត។ លោក ឡាវរូវ ថ្លែងថា អន្តរកម្មញឹកញាប់នាពេលថ្មីៗនេះរវាងប្រមុខរដ្ឋប្រទេសទាំងពីរ បាននាំទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រថ្មី។ ភាគីទាំងពីរជឿជាក់ថា សម្ពន្ធភាព AUKUS គឺជាប្លុកយោធាធម្មតា ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានចូលរួមក្នុងគោលនយោបាយ “រង្វង់តូច” ដែលដើរផ្ទុយទៅនឹងនិន្នាការនៃសម័យកាល នៃការស្វែងរកសន្តិភាព ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការស្វែងរកការអភិវឌ្ឍន៍។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួលគោលនយោបាយស្តី ពីការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកាត់ព្រំដែន និងបានផ្លាស់ប្តូរយោបល់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមយន្តការពហុភាគី រួមមានអង្គការសហប្រជាជាតិ ក្រុមប្រទេស G20 ប្រទេស BRICS និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព៕ ប្រភព៖ CGTN


