មេដឹកនាំកំពូលតាលីបង់បង្ហាញខ្លួនជាសាធារណៈលើកដំបូង
កាប៊ុល៖ ក្រុមមន្ត្រីប្រកាសកាលពីថ្ងៃអាទិត្យថា មេដឹកនាំកំពូលតាលីបង់លោក Haibatullah Akhundzada បានថ្លែងសេចក្ដីថ្លែងការណ៍ទៅកាន់អ្នកគាំទ្រនៅទីក្រុង Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន និងជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោករាប់ចាប់តាំងពីឡើងធ្វើជាមេដឹកនាំក្រុមនេះក្នុងឆ្នាំ ២០១៦ ។
តាមឃ្លីបសម្លេងណែនាំខ្លួនដែលត្រូវបានចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់តាលីបង់ លោក Akhundzada បានធ្វើដំណើរទស្សនកិច្ចនៅ Darul Uloom Hakimah madrassa ដើម្បីនិយាយទៅកាន់ទាហាន និងអ្នកដើរតាមដ៏ក្លាហានរបស់លោកកាលពីថ្ងៃសៅរ៍។
លោកនិយាយថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបានសង្កត់សង្កិន និងតស៊ូប្រយុទ្ធនឹងពួកក្បត់ជាតិ និងអ្នកជិះជាន់អស់រយៈពេល ២០ ឆ្នាំ។ គោលបំណងដែលខ្ញុំមកទីនេះ គឺដើម្បីអធិស្ឋានឲ្យអ្នក ទាំងអស់គ្នា និងសម្រាប់ខ្ញុំ»។
លោក Akhundzada បានបន់ស្រន់ដល់ទុក្ករបុគ្គលតាលីបង់ យុទ្ធជនដែលរងរបួស និងភាពជោគជ័យរបស់មន្ត្រីដែលពាក់ព័ន្ធនឹង «ការសាកល្បងដ៏ធំ» នៃការកសាងអេមីរ៉ាតអ៊ិស្លាមនៃអាហ្វហ្គានីស្ថានឡើងវិញ។ លោកនិយាយថា៖ «សូមបួងសួងឲ្យយើងឈ្នះការសាកល្បងដ៏ធំនេះដោយជោគជ័យ។ សូមព្រះអល់ឡោះជួយយើងឱ្យរឹងមាំ»។
ឈ្មោះលោក Akhundzada សំដៅលើមេបញ្ជាការនៃអ្នកស្មោះត្រង់ និងជាឋានៈស្មើនឹងអតីតស្ថាបនិកតាលីបង់ Mullah Omar ដែលអ្នកគាំទ្រលោកផ្ដល់ឱ្យ។ លោក Akhundzada ត្រូវបានជ្រើសរើសឱ្យបម្រើជាឥស្សរជនខាងព្រលឹងវិញ្ញាណជាជាងមេបញ្ជាការយោធា ប៉ុន្តែសេចក្តីថ្លែងការណ៍សាធារណៈនឹងជំរុញឱ្យមានការរំពឹងទុកថា ឥឡូវនេះលោកគ្រោងនឹងកាន់តួនាទីកណ្តាលបន្ថែមទៀតក្នុងការដឹកនាំរដ្ឋាភិបាលថ្មី។

ប្រភព៖ CNA