ក្នុងនាមជាប្រធានអាស៊ាន៖កម្ពុជាប្តេជ្ញាធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងដៃគូសន្ទនានានា រួមទាំងជប៉ុនដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៅក្នុងតំបន់
ភ្នំពេញៈរដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្តេជ្ញាថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងដៃគូសន្ទនានានា រួមទាំងប្រទេសជប៉ុនផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខនៅក្នុងតំបន់របស់យើង។ មានបញ្ហាបន្ទាន់ជាច្រើននៅចំពោះមុខយើង ដូចជាការសម្របខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩ និងការស្តារឡើងវិញពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច អស្ថិរភាពការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ ដែលអាស៊ាន ជប៉ុន និងដៃគូអាស៊ានផ្សេងទៀត អាចធ្វើការរួមគ្នាដើម្បីដោះស្រាយ តាមរយៈយន្តការនានាដឹកនាំដោយអាស៊ាន និងនៅក្នុងក្របខ័ណ្ឌតំបន់ផ្សេងទៀត។
ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងពិធីទទួលរថយន្តចំនួន ៣៩គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា នៅសល់ពេល២ខែគត់ គិតចាប់ពីឥឡូវទៅ ដែលកម្ពុជានឹងចាប់ផ្តើមអាណត្តិជាផ្លូវការរបស់ខ្លួនដើម្បីដឹកនាំដំណើរការរបស់អាស៊ានជាលើកទី៣ ចាប់តាំងពីកម្ពុជាបានចូលរួមជាមួយអង្គការតំបន់នេះនៅឆ្នាំ១៩៩៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសទទួលញញួររបស់ប្រធានអាស៊ានពីព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ កាលពីសប្តាណ៍មុន បានប្រកាសអំពីមូលបទ ឆ្នាំ២០២២ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។ បំណងប្រាថ្នារបស់យើងក្រោមមូលបទនេះ គឺដើម្បីកៀរគរសាមគ្គីភាពរបស់អាស៊ាន ជាគ្រួសាររួបរួមមួយនៅក្នុងការដោះស្រាយបញ្ហាជាយុទ្ធសាស្រ្ត ដែលកំពុងប្រឈមជាមួយតំបន់របស់យើង។ ឯកឧត្តមបញ្ជាក់ថា ការត្រៀមរៀបចំដើម្បីបំពេញតួនាទីជាប្រធានអាស៊ានរបស់យើង គឺបានចាប់ផ្តើមធ្វើតាំងពីដើមឆ្នាំមកម្ល៉េះ។ ជាមួយនឹងវឌ្ឍនភាពល្អប្រសើរក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការនៅទូទាំងតំបន់របស់យើងយើងមានជំនឿចិត្តយ៉ាងមុតមាំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាលក្ខណៈចូលរួមដោយផ្ទាល់ ដោយ រក្សាបាននូវសុវត្ថិភាពពីជំងឺកូវីដ-១៩ ជាពិសេសកិច្ចប្រជុំជាបន្តបន្ទាប់ចំនួនពីរធំៗ ថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល ដែលមានការចូលរួមពីដៃគូខាងក្រៅ និងគណៈប្រតិភូធំៗ។
រថយន្ត និងសម្ភារការិយាល័យ ដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលជប៉ុន នឹងជួយសម្រួលយ៉ាងសំខាន់ដល់ការរៀបចំផ្នែកឡូជីស្ទិករបស់យើង។ លើសពីនេះ ជប៉ុនបានសន្យាផ្តល់កញ្ចប់ជំនួយមួយផ្សេងទៀត ដែលមានទឹកប្រាក់ចំនួន ៣០០លានយ៉េន ដើម្បីជួយដល់ក្រសួងមហាផ្ទៃ បំពាក់ឧបករណ៍បច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពសន្តិសុខ និងការប្រឆាំងអំពើភេរវកម្មរបស់កម្ពុជា។ ជំនួយនេះមានសារៈសំខាន់សម្រាប់ការធានាសុវត្ថិភាព និងសន្តិសុខរបស់ឥស្សរជនជាន់ខ្ពស់ និងគណៈប្រតិភូ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នានាពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ឆ្នាំ២០២២ និងព្រឹត្តិការណ៍ផ្សេងៗទៀត។
នៅពេលជួបប្រទះនឹងបញ្ហាប្រឈមពហុវិស័យ ប្រទេសជប៉ុនតែងតែជាដៃគូដែលអាចទុកចិត្តបានសម្រាប់អាស៊ាន ទាំងនៅក្នុងពេលវេលាល្អ និងអាក្រក់ ហើយប្រទេសជប៉ុនតែងតែភ្ជាប់សារៈសំខាន់នៃការចូលរួមដោយ «ស្មោះត្រង់» ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍជាវិជ្ជមាននៅក្នុងតំបន់ជាមួយនឹងសកម្មភាពជាក់ស្តែង។ ការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការជួយដល់គំនិតផ្តួចផ្តើមសំខាន់ៗរបស់ អាស៊ានពាក់ព័ន្ធទៅនឹងជំងឺរាតត្បាតកូវីដ-១៩ រួមមានស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន រួមជាមួយនឹងការផ្តល់វ៉ាក់សាំងកូវីដ-១៩ គឺជាសកម្មភាពដែលមានតម្លៃជាងការនិយាយ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន កាលពីសប្តាហ៍មុន សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្ររបស់កម្ពុជា ចំពោះសំណើរបស់ប្រទេសជប៉ុន ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០នៅប្រទេសជប៉ុន នៅឆ្នាំ២០២៣ ខណៈដែលកត់សម្គាល់ដោយសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ការគាំទ្រសម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយជោគជ័យរបស់កម្ពុជា នឹងចូលរួមចំណែកដល់សមិទ្ធផលនានារបស់អាស៊ានក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការពន្លឿនការកសាងសហគមន៍អាស៊ានបន្ថែមទៀត។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយទាំងនេះ និងជំនួយជាបន្តបន្ទាប់ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន៕
ដោយៈពលជ័យ



