ជាគូប្រជែងដ៏ជូរចត់នៅលើឆាកពិភពលោក អាមេរិក និងរុស្សីស្ងាត់ៗកំពុងស្វែងរកវិធីអាចស្របគ្នាបាន

ប្រសិន​បើ​យើង​ក្រឡេក​ទៅ​មើល​ទំនាក់​ទំនង​រវាង​រុស្សី និង​សហរដ្ឋអាមេរិក​ យើង​នឹង​សង្កេត​ឃើញ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​តិចតួច​ នោះ​គឺ​គូ​ប្រជែង​ដ៏​ជូរចត់​ដែល​ព្យាយាម​កាប់​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ជុំវិញ​ពិភពលោក​។

ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ចូល​កាន់​អំណាច​កាល​ពី​ដើម​ឆ្នាំ​នេះ សហរដ្ឋអាមេរិក​បាន​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្សី​ បន្ត​ផ្គត់ផ្គង់​សព្វាវុធ​ និង​ការ​ហ្វឹក​ហាត់​ទៅ​កាន់​កង​កម្លាំង​យោធា​របស់​ប្រទេស​អ៊ុយក្រែន​ ហើយ​គំរាម​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ីធឺណេត​ជា​ការ​សងសឹក​ទៅ​លើ​គោលដៅ​រុស្សី​។ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​មូស្គូ​ បាន​ឈប់​ចេញ​ទិដ្ឋាការ ហើយ​ជនជាតិ​រុស្សី​ដែល​ចង់​បាន​ទិដ្ឋាការ​អាមេរិក​ត្រូវ​ធ្វើ​ការ​ស្នើ​ទៅ​កាន់​ស្ថានទូត​អាមេរិក​នៅ​ប៉ូឡូញ​។

មីស៊ីល​មាន​សមត្ថភាព​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្សី​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​កំពុង​មាន​សកម្មភាព​នៅ​តំបន់​ព្រំដែន​អ៊ុយក្រែន​ ហើយ​វិមាន​ក្រឹមឡាំង​បាន​បង្ហាញ​សញ្ញា​ថា​ខ្លួន​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ផ្ដាច់​ខ្លួន​នៃ​តំបន់​នេះ ប្រសិន​បើ​មាន​ការ​លូកដៃ​ពី​អាមេរិក​។ ពួកគេ​ក៏​បាន​ធ្វើ​ការ​សាកល្បង​ជំនាន់​ថ្មី​ជា​ច្រើន​ ដែល​រួមមាន​មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង (Hyper-sonic Missile)។ បន្ទាប់​ពី​មាន​ភាព​ស្ងាត់​មួយ​រយៈ​ ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចេញ​ពី​ដែន​ដី​រុស្សី​បាន​ចាប់​ផ្ដើម​កើន​ឡើង​វិញ ដោយ​ក្រុមហ៊ុន​ Microsoft​ បាន​និយាយ​ថា​ពួកគេ​បាន​រក​ឃើញ​យុទ្ធនាការ​ឃ្លាំ​មើល​ចេញ​ពី​រុស្សី​។

ខណៈ​ពេល​ដែល​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​អ្នក​មាន​ G20 ធ្វើ​ការ​ប្រជុំ​កាល​ពី​ចុង​សប្ដាហ៍​ មេដឹកនាំ​អាមេរិក​ និង​រុស្សី​មិន​ទទួល​បាន​ឱកាស​ដើម្បី​ដោះស្រាយ​រឿង​នេះ​ទល់​មុខ​គ្នា​ទេ ដោយសារ​តែ​លោក​ប្រធានាធិបតី​វ្ល៉ាឌីមៀ ពូទីន​បាន​ចូល​រួម​ពី​ចម្ងាយ​ ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​កូវីដ-១៩​។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ នៅ​ពី​ក្រោម​ស្រទាប់​លើ​នៃ​ភាព​តានតឹង​ គូ​ប្រជែង​ពិភព​លោក​ទាំង​ពីរ​ឥឡូវ​នេះ​ក៏​កំពុង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ​៖ ការ​និយាយ​។

ជំនួប​ដំបូង​រវាង​លោក​បៃដិន និង​លោក​ពូទីន​នៅ​ក្រុង​ហ្សឺណែវ​ កាល​ពី​ខែ​មិថុនា​ បាន​បង្ក​ឱ្យ​មាន​ទំនាក់​ទំនង​ជា​បន្ត​បន្ទាប់​រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​ការ​ធ្វើ​ដំណើរ​ចំនួន​បី​ទៅ​កាន់​ទីក្រុង​មូស្គូ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក​បៃដិន​ ចាប់​តាំង​ពី​ខែ​កក្កដា និង​កិច្ចប្រជុំ​ជា​ច្រើន​ទៀត​ជា​មួយ​មន្ត្រី​រុស្សី​ក្នុង​ដែន​ដី​អព្យាក្រឹត​ដូចជា​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ស្វីស​។​

ការ​សន្ទនា​ជុំវិញ​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ គឺ​ចាប់​ផ្ដើម​ក្នុង​លក្ខណៈ​ស៊ី​ជម្រៅ​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​ទៅ​ទៀត​។ ស្ងាត់​ៗ​ទីប្រឹក្សា​សម្រាប់​បច្ចេកវិទ្យា​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន​របស់​សេតវិមាន​លោក​ស្រី​អានី នឺប៊ឺហ្គឺ​បាន​ធ្វើ​កិច្ចប្រជុំ​ពី​ចម្ងាយ​ជា​មួយ​មន្ត្រី​វិមាន​ក្រឹមឡាំង​។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​សហរដ្ឋអាមេរិក​បាន​បញ្ជូន​ឈ្មោះ និង​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​នៃ​ឧក្រិដ្ឋជន​អ៊ីនធឺណិត​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​វាយ​ប្រហារ​លើ​អាមេរិក​ទៅ​ឱ្យ​រុស្សី បន្ទាប់​ពី​ការ​ជជែក​ដេញដោល​នៅ​ក្នុង​សហគមន៍​ចារកម្ម​អាមេរិក​អំពី​កម្រិត​នៃ​ការ​បង្ហាញ​។ ឥឡូវ​នេះ សហរដ្ឋអាមេរិក​កំពុង​រង់​ចាំ​មើល​ថា​តើ​ព័ត៌មាន​ដែល​ត្រូវ​បាន​បញ្ជូន​នឹង​មាន​លទ្ធផល​នៅ​ក្នុង​ការ​ចាប់​ខ្លួន ឬ​យ៉ាង​ណា ដោយ​នេះ​ជា​ការ​ធ្វើ​តេស្ត​មួយ​ថា​តើ​លោក​ពូទីន​នឹង​គោរព​ការ​សន្យា​ថា​លោក​នឹង​ជួយ​សម្រួល​ដល់​ការ​បង្ក្រាប​លើ​ការ​ជំរិត​តាម​អ៊ីនធឺណិត​ និង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ផ្សេង​ទៀត​។

បើ​ទោះ​បី​ជា​មាន​ការ​មិន​ស្រប​គ្នា​ជុំវិញ​បញ្ហា​ការ​បរទេស​ជា​ច្រើន​ សហរដ្ឋអាមេរិក​ និង​រុស្សី​មាន​លក្ខណៈ​ស្រប​គ្នា​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​។

យ៉ាង​ណា​មិញ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​និយាយ​ថា កិច្ច​ចរចា​រហូត​មក​ដល់​ពេល​នេះ ទទួល​បាន​លទ្ធផល​តិចតួច ប៉ុន្តែ​ជួយ​ទប់​ស្កាត់​មិន​ឱ្យ​ភាព​តាន​តឹង​រវាង​រុស្ស៊ី និង​អាមេរិក កើន​ផុត​ពី​ការ​គ្រប់​គ្រង​បាន​។

សម្រាប់​លោក​បៃដិន​ ការ​ចរចា​ជា​មួយ​រុស្សី​គឺ​ជា​វិធី​ដើម្បី​ជៀស​វាង​បញ្ហា​ដែល​អាច​រារាំង​គោលដៅ​អាទិភាព​របស់​លោក​ ដូចជា​​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ប្រទេស​ចិន​ និង​ការ​អនុម័ត​គោល​នយោបាយ​ក្នុង​ស្រុក​។ សម្រាប់​លោក ពូទីន ការ​ចរចា​ជា​មួយ​សហរដ្ឋ​អាមេរិក គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​សកល​របស់​រុស្ស៊ី និង​ជួយ​លើក​តម្កើង​មុខ​មាត់​ក្នុង​ស្រុក​របស់​លោក​ជា​អ្នក​ធានា​ស្ថិរភាព​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner