លោក ដូណាល់ ត្រាំ និយាយថា អ្វីៗនៅល្អទាំងអស់ ក្រោយអ៊ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅតែនិយាយថាអ្វីៗទាំងអស់នៅល្អ បន្ទាប់ពីអ៊ីរ៉ង់បាញ់កាំជ្រួចរាប់សិបគ្រាប់ដាក់មូលដ្ឋានទ័ពអាម៉េរិកចំនួន២កន្លែងនៅក្នុងទឹកដីរបស់អ៊ីរ៉ាក់ ។

លោក ត្រាំ បាននិយាយទៀតថា ការវាយតំលៃកំពុងត្រូវធ្វើឡើង អំពីការស្លាប់ រងរបួស និងការខូចខាត តែការពិនិត្យដំបូងៗបង្ហាញថា នៅល្អទេ បើទោះជាសារព័ត៌មានក្នុងប្រទេសអ៊ីរ៉ាក់ខ្លះចុះផ្សាយថា ទាហានអាម៉េរិកដល់ទៅ៨០នាក់បានស្លាប់ ក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានសន្យាដែរថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅក្នុងថ្ងៃពុធនេះ(ម៉ោងក្នុងតំបន់) អំពីស្ថានភាពកាន់តែតានតឹងឡើងជាមួយអ៊ីរ៉ង់ តែមិនបានព្រលយប្រាប់មុនថាតើអាម៉េរិកនឹងសងសឹកដែរឬយ៉ាងណាទេ ។

គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានស្រង់សម្តីមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ដែលបានអះអាងថា ការវាយប្រហារដោយកាំជ្រួចលើគោលដៅអាម៉េរិកនៅអ៊ីរ៉ាក់ គ្រាន់តែជាជំហានដំបូង និងថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់នឹងមិនប្រណីលើពលទាហានអាម៉េរិកឡើយ ៕ធ.ដ
