ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន នៃសហរដ្ឋអាម៉េរិក រៀបចំកម្មវិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧ មករា ២០២០ ដោយមានអ្នកចូលរួមចំនួន ៥២៥នាក់

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ណុប ដារ៉ា និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន នៃសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់ឆ្នេរខាងលិច រដ្ឋវ៉ាស៊ីងតោន សមាជិក សមាជិកា យុវជន បានរៀបចំកម្មវិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧ មករា ២០២០ នៅរដ្ឋវ៉ាស៊ីងតោន ក្រុង Seattle កាលពីថ្ងៃ អាទិត្យ ទី៥ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជុំ សន្ទរី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងមិចស៊ិកកូ។

ឯកឧត្តម ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំតំបន់ឆ្នេរខាងលិច, ឯកឧត្តម ហ៊ឹង ប៊ុនថន ប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៊ីងតោន និងប្រតិភូអមដំណើរ ដោយមានការចូលរួមពីគណកម្មាធិការអនុសាខា ប្រធាន អនុប្រធានយុវជន សមាជិក សមាជិកា យុវជនបក្ស ភ្ញៀវអន្តរជាតិ កុងស៊ុលទូត និងបណ្តាអង្គទូតមួយចំនួនចូលរួម សរុបចំនួន ៥២៥នាក់ ដើម្បីបង្ហាញពីការអភិវឌ្ឍរបស់ប្រទេសជាតិលើគ្រប់វិស័យ និងផ្សាព្វផ្សាយពីតំម្លៃសន្តិភាព ។

ឯកឧត្តម ជុំ សន្ទរី បានលើកឡើងថា ដោយសារគុណតម្លៃ នៃសុខសន្តិភាព បានជម្រុញ ឲ្យកម្ពុជា ដើរលើផ្លូវត្រូវ ដែលនាំកម្ពុជា ទទួលបានសេចក្ដីសុខ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយ សន្តិភាព និងស្ថិរភាពនយោបាយនេះ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា រហូតសម្រេចបានកំណើនខ្ពស់ប្រមាណ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់ មានស្ថិរភាព និងទុនបម្រុងអន្តរជាតិ បន្តកើនឡើង ជាបន្តបន្ទាប់។

ជាក់ស្ដែងបច្ចុប្បន្ន កំណើននេះ ត្រូវបានគាំទ្រដោយកំណើនល្អប្រសើរ នៃវិស័យសេវាកម្ម និងកំណើន ខ្ពស់ នៃវិស័យឧស្សាហកម្ម ថ្វីបើវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។ ស្ថិរភាពនយោបាយនេះហើយ បានផ្តល់ទំនុកចិត្តដល់ វិនិយោគិន ទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងការបណ្តាក់ទុននៅកម្ពុជា ជាពិសេស លើវិស័យ សំណង់ និងកម្មន្តសាល ។

ឯកឧត្តម ជុំ សន្ទរី បានបញ្ជាក់ច្បាស់ថា ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងសង្រ្គោះប្រជាជនកម្ពុជា ឲ្យមាន ជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុត នាថ្ងៃ៧មករា ១៩៧៩ គឺជាការបញ្ចប់ នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ឯកឧត្តម  ក៏បានលើកបង្ហាញពីវឌ្ឍនភាពជាតិ ក្នុងរយៈពេល៤១ឆ្នាំ កន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួច ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាព ជាបន្តទៀតផងដែរ ។

ឯកឧត្តម ណុប ដារ៉ា បានលើកឡើងពីការគាំទ្រដល់សារនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន គឺពាក្យ “អរគុណសន្តិភាព” ព្រោះថា មនុស្សម្នាក់ៗ គឺសុទ្ធត្រូវការសន្តិភាព ហើយពាក្យអរគុណ សន្តិភាព នឹងក្លាយជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព ។

ដូចនេះដើម្បីឲ្យសន្តិភាព ស្ថិតស្ថេរទៀតនោះ ឯកឧត្ដម ជុំ សន្ទរី បានអំពាវនាវឲ្យប្រជាជនយើង រួមគ្នាថែរក្សាការពារសន្តិភាពឲ្យ បានគង់វង្ស បើគ្មានសន្តិភាព គ្មានថ្ងៃ៧មករា និងថ្ងៃ២ធ្នូទេ ប្រជាជន និងប្រទេសជាតិ ពិតជាគ្មានការ រស់នៅបានសុខសាន្ត និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ យើងត្រូវតែចងចាំថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចពញ្ញាចក្រី ហេង សំរិន និងសម្ដេចធម្មពោធិសាល ជា ស៊ីម អតីត ប្រធានព្រឹទ្ធសភា គឺជាមាតា ៧មករា និងជាមាតាសន្តិភាពតែមួយគត់ នេះជាសច្ចធម៌ ។

ឯកឧត្តម ណុប ដារ៉ា ក៏បានថ្លែងអំណរគុណដ៏ជ្រៀវជ្រៅបំផុតដល់ឯកឧត្តម ជុំ សន្ទរី គណកម្មាធិការសាខាបក្សប្រចាំរដ្ឋវ៉ាស៊ីងតោន ប្រធានយុវជនបក្ស ប្រធានយុវជនតាមបណ្តា ទីក្រុងនានា សមាជិក សមាជិកា បងប្អូនក្រុមការងារយុវជន អង្ការចាត់តាំងគណបក្សប្រចាំរដ្ឋវ៉ាស៊ីងតោន ភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃ រៀបចំកម្មវិធីអបអរសាទរខួបលើកទី៤១ ទិវាជ័យជម្នះ ៧មករា នេះឡើង ប្រកបដោយភាពរីករាយស្និទ្ធស្នាលក្រៃលែង ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner