ក្រសួងអប់រំ យុវជន និងកីឡាបន្តជំរុញការបណ្ដុះបណ្ដាលគ្រូជាង៧០០នាក់ ជារៀងរាល់សប្ដាហ៍លើបំណិនការបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាពេលវេលាដែលសាលារៀន បានបើកដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយការបង្រៀន និងរៀនធ្វើឡើងតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាល ក្នុងនោះដើម្បីការធានាឱ្យបាននូវការបន្តផ្ដល់សេវាអប់រំដល់សិស្សានុសិស្សក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានបណ្ដុះបណ្ដាលបំណិនការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដល់គ្រូបង្រៀនមកវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញ បានចំនួន ៣២៩២នាក់ ចាប់ពីចុងខែកញ្ញាមកដល់បច្ចុប្បន្ន នឹងបន្ដជំរុញរៀបចំវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញនេះ ជារៀងរាល់សប្ដាហ៍ដល់គ្រូបង្រៀនជាង ៧០០នាក់ ដើម្បីលើកកម្ពស់សមត្ថភាពលោកគ្រូ អ្នកគ្រូ លើការរៀបចំគ្រប់គ្រង និងដំណើរការថ្នាក់រៀនតាមប្រព័ន្ធអេឡិចត្រូនិកឱ្យមានគុណភាព និងប្រសិទ្ធភាព។
ពិធីបើកវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ មានការអញ្ជើញចូលរួមជាអធិបតីភាពដោយលោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន រួមជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូ-អ្នកគ្រូ ចំនួន ៣២៩នាក់ មកពីវិទ្យាល័យចំនួន ០៧ គឺវិទ្យាល័យក្ដុលដូនទាវ ខេត្តបាត់ដំបង វិទ្យាល័យសម្ដេចឪ វិទ្យាល័យអូរជ្រៅ វិទ្យាល័យហ៊ុនសែន ឈ្នួលមានជ័យ វិទ្យាល័យរហាល វិទ្យាល័យនិមិត្ត និងវិទ្យាល័យទូលប្រាសាទ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីនេះផងដែរ លោកបណ្ឌិត បាន បញ្ជាក់អំពីការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកអប់រំត្រូវធ្វើជាប្រចាំ ដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សមានជំហរឹងមាំទាំងចិត្ត គំនិត និងស្មារតី ជាពិសេសលោកបណ្ឌិតបានបញ្ជាក់អំពីមនុស្សដែលដែលមានសក្ដានុពលក្នុងការបំពេញការងារ ដែលអាចដោះស្រាយគ្រប់បញ្ហាប្រកបដោយភាពឆ្លាតវៃ មានគំនិតច្នៃប្រឌិតខ្ពស់ មានទំនួលខុសត្រូវ និងមាននវានុវត្តន៍សម្រាប់ការងារគ្រប់សម័យកាល។ ក្នុងពិធីនេះផងដែល លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា មានតែការសិក្សាស្រាវជ្រាវ និងរៀនសូត្រនេះទេ ដែលធ្វើឱ្យមានមានលំនឹងចិត្ត គំនិត ប្រាជ្ញា ស្មារតី និងមានសក្ដានុពលគ្រប់សម័យកាល ហើយអ្វីដែលគ្រូបង្រៀនត្រូវធ្វើគឺការចែករំលែកចំណេះដឹងបន្ដដល់មនុស្សជំនាន់ក្រោយ ដើម្បីបន្ដវេន និងកសាងសង្គមជាតិឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍឆ្នាំ២០៣០ ដែលកម្ពុជាត្រូវក្លាយជាប្រទេសដែលមានចំណូលមធ្យម និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។
វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញទាំងស្រុងនេះ មានគោលបំណងឲ្យគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ ចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ដើម្បីធានាការបន្តផ្ដល់សេវាបង្រៀនដល់សិស្ស ដោយអនុវត្តតាមគន្លងថ្មី គឺការប្រើប្រាស់បច្ចេកវិទ្យាបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ជាឧបករណ៍ជំនួយបន្ថែមលើការបង្រៀននាថ្ងៃអនាគត ស្របតាមបរិបទការអប់រំឌីជីថល។ ក្នុងបរិបទថ្មីនេះ គ្រូ បង្រៀនទាំងអស់ចាំបាច់បំផុតក្នុងការអភិវឌ្ឍសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ហើយការអភិវឌ្ឍនេះ គឺដើម្បីបន្ស៊ីជា មួយសម័យឌីជីថលផង និងដើម្បីស្វែងរកវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងការបញ្ច្រាបសេវាអប់រំដល់អ្នកសិក្សារៀនសូត្រ សិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន និងស្របតាមវិធាននានា របស់រាជរដ្ឋាភិបាលក្នុងការចូលរួមដោះស្រាយ ទប់ស្កាត់ ការរីករាលដាល នៃជំងឺ កូវីដ-១៩ នៅកម្ពុជាផងដែរ ។ វគ្គបណ្ដុះ បណ្ដាលនេះ រៀបចំឡើងតាមរយៈ គម្រោងអភិវឌ្ឍន៍វិស័យអប់រំនៅមធ្យមសិក្សាទុតិយភូមិ (USESDP) គាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ដោយ-រ៉ាវុធ


